ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ។

លោកអភិបាលខេត្ត បានលើកឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលសហគមន៍ដាំទុរេនមួយកន្លែង នៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសារ ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតឡូហ្គោ (Logo) ស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម “ទុរេនស្ទឹងត្រង់”។ ណែនាំឱ្យមានការប្រើប្រាស់ ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគផងដែរ។

នាឱកាសនោះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top