មេដឹកនាំអេហ្ស៊ីបនិងបារាំងបើកការពិភាក្សាគ្នា លើបញ្ហានិងការវិវត្តទៅស្ថានភាពនៅក្នុងតំបន់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបប្រជុំគ្នាក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់ រួមទាំងការកើនឡើងភាពតានតឹងដែលទាក់ទងនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាផងដែរ។
ប្រធានាធិបតីអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះបានធ្វើឡើងនៅខាងក្រៅពិធីសម្ពោធសម្រាប់សាកលវិទ្យាល័យអន្តរជាតិនិយាយភាសាបារាំង ទីស្នាក់ការកណ្តាលថ្មីរបស់សាកលវិទ្យាល័យ Senghor នៅទីក្រុង New Borg El-Arab នៃប្រទេសអេហ្ស៊ីប ភាគខាងជើងនៃទីក្រុងគែរ។
ក្នុងអំឡុងកិច្ចពិភាក្សា លោក Sisi បានពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់អេហ្ស៊ីបដើម្បីទប់ស្កាត់ភាពតានតឹងក្នុងតំបន់បច្ចុប្បន្ន។
លោកបានសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារតំបន់ពីការកើនឡើងបន្ថែមទៀត និងអស្ថិរភាព ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើសន្តិសុខក្នុងតំបន់ និងពិភពលោក ខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម និងការដឹកជញ្ជូន៕
ប្រែសម្រួល៖ស៊ុនលី
