រដ្ឋមន្ត្រីមុខងារសាធារណៈ ផ្តួចផ្តើមបង្កើត «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្រួលទំនាក់ទំនង ការងារ រវាងក្រសួង ស្ថាប័ន
ភ្នំពេញ ៖ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងអភិបាលកិច្ច ក្នុងវិស័យរដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមបង្កើតយន្តការថ្មីមួយ មានឈ្មោះថា «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។
យន្តការនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការសម្របសម្រួលការអនុវត្តមុខងារគាំទ្រ និងជំរុញការចូលរួមអនុវត្តការងារ កំណែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ យន្តការថ្មីនេះ មានវិសាលភាពអនុវត្តគ្របដណ្ដប់ចំពោះ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដោយឡែក មានការលើកលែងចំពោះក្រសួងការពារជាតិ។

«បណ្តាញអគ្គលេខាធិការ» នឹងដើរតួជាយន្តការយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងការសម្របសម្រួលការងារ រវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលនិងហិរញ្ញវត្ថុនៃគ្រប់ក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការការងារ និងសំដៅជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ។
ភារកិច្ច និងតួនាទីសំខាន់ៗរបស់បណ្តាញនេះ គឺជាការចូលរួមពង្រឹងអភិបាលកិច្ចរដ្ឋបាលសាធារណៈ និងកិច្ចសហការរវាងអគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ននីមួយៗ។ អគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ន អាចសម្របសម្រួលទំនាក់ទំនងទៅវិញទៅមក សហការ និងពង្រឹងការអនុវត្តមុខងារគាំទ្រឱ្យបានកាន់តែរលូន ជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងឧត្តមានុវត្តន៍ ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហា និងការរៀបចំយុទ្ធសាស្ត្រ រួមទាំងការសិក្សា និងកំណត់រាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងដំណើរការការងារ ដើម្បីស្វែងរកដំណោះស្រាយរួម។
ការបង្កើតយន្តការនេះឡើង គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល សាធារណៈ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីធានាឱ្យបាននូវរដ្ឋបាល មួយដែលឆ្លើយតបលឿន ប្រកបដោយភាពស្អាតស្អំ និងបម្រើផលប្រយោជន៍សាធារណៈបានយ៉ាងពិតប្រាកដ។
សេចក្តីព្រាងអនុក្រឹត្យស្តីពី «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការ អនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៕
