ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនប្រេងធំជាងគេបំផុតរបស់ពិភពលោក បញ្ជាក់ពីការកើនឡើងប្រាក់ចំណេញ ២៥ភាគរយ បន្ទាប់ពីបង្វែរការនាំចេញពីច្រកសមុទ្រ Hormuz
បរទេស៖ ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនប្រេងធំជាងគេបំផុតរបស់ពិភពលោក បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រាក់ចំណេញត្រីមាសទីមួយរបស់ខ្លួនបានកើនឡើង ២៥% ដោយសារសង្គ្រាមអ៊ីរ៉ង់បានធ្វើឱ្យតម្លៃប្រេងកើនឡើង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Aramco ដែលមានមូលដ្ឋាននៅ Dhahran ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបានផ្លាស់ប្តូរការនាំចេញប្រេងមួយចំនួនទៅកាន់បំពង់បង្ហូរប្រេងដោយជោគជ័យ ដើម្បីជៀសវាងបញ្ជូនតាមច្រកសមុទ្រ Hormuz ដែលត្រូវបានរំខានដោយសង្គ្រាម។
កាលពីថ្ងៃអាទិត្យ តម្លៃប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើង 2.58% ដល់ 103.91 ដុល្លារក្នុងមួយបារ៉ែល។ តម្លៃនេះទាបជាងកម្រិត 119 ដុល្លារក្នុងអំឡុងសង្គ្រាម ប៉ុន្តែវានៅតែថ្លៃជាងកម្រិតប្រហែល 70 ដុល្លារចាប់ពីចុងខែកុម្ភៈ មុនពេលការប្រយុទ្ធគ្នាចាប់ផ្តើម។
លោក Amin Nasser ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Aramco បាននិយាយថា បំពង់បង្ហូរប្រេងខាងកើត-ខាងលិចរបស់ក្រុមហ៊ុន ដែលរត់ឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីត ពីវាលប្រេងភាគខាងកើតរបស់ខ្លួនទៅកាន់សមុទ្រក្រហម ឥឡូវនេះកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ៧ លានបារ៉ែលប្រេងក្នុងមួយថ្ងៃ។ លោក Nasser បាននិយាយថា បំពង់បង្ហូរប្រេងនេះកំពុង “ជួយកាត់បន្ថយផលប៉ះពាល់នៃថាមពលសកល និងផ្តល់ការធូរស្បើយដល់អតិថិជន”។
យ៉ាងណាក៏ដោយ នោះគ្រាន់តែជាផ្នែកតូចមួយនៃផលិតកម្មធម្មតារបស់ Aramco ប៉ុណ្ណោះ។ ឧទាហរណ៍ Aramco បានផលិតប្រេងចំនួន ១១,១ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីបួននៃឆ្នាំ ២០២៥។
ប្រែសម្រួលៈ ណៃ តុលា
