ព័ត៌មានជាតិ

សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងពិធីខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២៦ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរខួបទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២៦ ក្រោមមូលបទ « បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ » នៅសាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានលើកឡើងថា ដោយមានបេសកកម្មស្របច្បាប់ ជាជំនួយការអោយអាជ្ញាធរសាធារណៈ សាខា អនុសាខា នៅតែបានបន្តចូលរួម ដោះស្រាយបញ្ហាលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាពមិនទុកនរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ដែលរយៈពេលដើមអាណត្តិទី៦នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ១២២,០៤៤គ្រួសារ។

រយៈពេលកន្លងទៅ សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការ ផ្តល់សេវាកម្មមនុស្សធម៌ ផ្តោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេចបានលទ្ធផល គួរអោយកត់សំគាល់។

ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា សមិទ្ធផលនិងជោគជ័យមួយឆ្នាំកន្លងទៅ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសន្តិភាព ដែលកើតចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក បិតាស្ថាបនិកនៃកម្ពុជា ដែលនេះមិនត្រឹមតែជាពន្លឺនៅការរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករ ដែលអនុញ្ញាតឱ្យយើងមានឱកាសពេញលេញ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ លើកកម្ពស់កេស្យានុភាពជាតិ និងឆាតអន្តរជាតិ ។

លោកសន្តិបណ្ឌិត នេត សាវឿន បានយកឱកាសនោះ ថ្លែងងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលក្នុងឆ្នាំនីមួយៗតែងតែស្ម័គ្រចិត្ត បរិច្ចាគធនធានថវិកា គាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាបន្តបន្ទាប់ ដែលនេះគឺជាការបន្ត កេរ្តិ៍មរតកប្រពៃណីសប្បុរសធម៌យ៉ាងថ្លៃថ្លា តាំងពីជំនាន់សម្ដេចឧត្តមទេពញ្ញាណ ហ៊ុន ណេង ដែលជាគំរូថ្នាក់ដឹកនាំនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលបានបន្សល់ទុកនូវវប្បធម៌ចែករំលែកដ៏ល្អផូផង់រហូតមកដល់បច្ចុប្បន្ននេះ ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top