ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ៖ ការអនុវត្តកាតព្វកិច្ចយោធា ផ្តល់អត្ថប្រយោជន៍ច្រើន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បញ្ជាក់ពីគោលការណ៍ នៃច្បាប់កាតព្វកិច្ចយោធាថា បានផ្តល់ជាគោលការណ៍សំខាន់ៗនិងមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់អ្នកបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋគ្រប់អាយុ ។

ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា ការអនុវត្តនូវច្បាប់កាតព្វកិច្ចយោធាបានផ្តល់គោលការណ៍សំខាន់និងមានអត្ថប្រយោជន៍ច្រើន ។ អត្តប្រយោជន៍ទាំងនោះត្រូវបានសម្តេចធិបតីគូសរំលេចថា គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្តែង ដែលអាចអនុវត្តតាមការស្ម័គ្រចិត្ត ឬចាប់បង្ខំទៅតាមស្ថានភាពជាក់ស្តែងចំពោះពលរដ្ឋមានអាយុពី១៨-២៥ឆ្នាំ នឹងក្លាយទៅជាយោធិនបំរុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់បំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ។

សម្តេចធិបតីមានប្រសាសន៍បន្តថា អត្ថប្រយោជន៍មួយទៀតផ្តល់ទៅគោលការណ៍កាតព្វកិច្ចចំពោះបុរសនិងគោលការណ៍ស្ម័គ្រចិត្តចំពោះស្រ្តី ។ ម្យ៉ាងទៀត គោលការណ៍ហ្វឹកហាត់ជាប្រចាំ ចំពោះយោធិនបំរុងតាមកម្មវិធី និងការកំណត់ ជាក់ស្តែង ។ សម្រាប់គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាស សាធារណៈ ឬឯកជន ចំពោះប្រជាពលរដ្ឋ ដែលបានបញ្ចប់កាតព្វកិច្ចយោធាជោគជ័យ អាចវិលទៅបម្រើការ នៅអង្គភាពដើមវិញ ក្នុងមុខតំណែងដដែល និងគោលការណ៍ត្រៀម ចូលរួមបេសកកម្ម នៅពេលប្រទេសជាតិ មានតម្រូវការចំពោះយោធិនបំរុង ។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា “ការអនុវត្តគោលការណ៍ទាំង៥នេះ ទើបយើងអាចរួមចំណែកក្នុងការកសាងធនធានយុវជនរបស់យើង ឱ្យមានកាយសម្បទារឹងមាំ មានវិន័យ មានសីលធម៌ មានវិជ្ជាជីវៈ មានសុឆន្ទៈបម្រើសង្គមជាតិ មាតុភូមិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬវិស័យស៊ីវិលឯកជននោះទេ ព្រោះយើងបានប្រែក្លាយធនធានយុវជនឱ្យទៅជាមូលធនពិត មនុស្សពិតប្រាកដនិងមានតម្លៃសម្រាប់សង្គមជាតិ”។

សម្តេចធិបតីបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តច្បាប់នេះថា គឺជាគោលនយោបាយយុទ្ធសាស្រ្តដែលនឹងធ្វើឱ្យមានតម្រូវការចំណាយថវិការដ្ឋបន្ថែម ប៉ុន្តែនឹងផ្តល់អត្ថប្រយោជន៍ចម្បងៗស្ទើរតែមិនអាចកាត់ថ្លៃបាន ។ ក្នុងនោះផ្តល់អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិបង្កើតជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់ ដែលប្រភពកសាងកំលាំងការពារជាតិ ដ៏រឹងមាំប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាព ឆ្លើយតបគ្រប់គ្រាន់និងទាន់ពេលវេលា ចំពោះសកម្មភាពគំរាមកំហែងពីខាងក្រៅ៕

To Top