ព័ត៌មានអន្តរជាតិ

ចិនបង្ហាញបន្ទាត់ក្រហម ចំនួនបួនចំណុច មុនដំណើរទស្សនកិច្ច របស់លោក ដូណាល់ ត្រាំ 

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលលោកបានពិពណ៌នានៅថ្ងៃអង្គារថាជា «មិត្តភ័ក្តិ» និង «នរណាម្នាក់ដែលយើងចុះសម្រុងជាមួយ»។ លោក ត្រាំ បានបន្ថែមថា លោកមានគម្រោងពិភាក្សាអំពីសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចោទប្រកាន់ចិនថាគាំទ្រ។
 
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា ទន្ទឹមនឹងនេះ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីខ្សែបន្ទាត់ក្រហមចំនួនបួននៅក្នុងទំនាក់ទំនងដែល «មិនត្រូវប្រឈម» ដែលរួមមាន កោះតៃវ៉ាន់, លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស «ផ្លូវអភិវឌ្ឍន៍ និងប្រព័ន្ធនយោបាយ» និង «សិទ្ធិអភិវឌ្ឍន៍របស់ចិន»។ ទីក្រុងប៉េកាំងបានទទូចថា សហរដ្ឋអាមេរិកមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ឬគាំទ្រអ្វីដែលខ្លួនហៅថា រដ្ឋាភិបាល «បំបែកខ្លួន» នៅទីក្រុងតៃប៉ិឡើយ។
 
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសចិនកាន់តែតានតឹង បន្ទាប់ពីក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងរបស់ចិន ពីបទចោទប្រកាន់ថា បានទិញប្រេងរបស់អ៊ីរ៉ង់។ ទីក្រុងប៉េកាំងបានឆ្លើយតបដោយហាមឃាត់រោងចក្រចម្រាញ់ប្រេងឯកជនរបស់ខ្លួនមិនឱ្យអនុវត្តតាមទណ្ឌកម្ម ដែលមន្ត្រីចិនបានថ្កោលទោសថា ខុសច្បាប់។
 
ប្រទេសចិនបានបដិសេធថា ខ្លួនមិនផ្តល់ជំនួយយោធាដល់អ៊ីរ៉ង់ និងបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការដាក់ក្រុមហ៊ុនផ្កាយរណបចិនក្នុងបញ្ជីខ្មៅ ដែលត្រូវបានចោទប្រកាន់ថា បានផ្គត់ផ្គង់ទិន្នន័យដល់ទីក្រុងតេហេរ៉ង់។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា “រដ្ឋាភិបាលចិនតែងតែស្នើសុំឱ្យក្រុមហ៊ុនចិនធ្វើប្រតិបត្តិការស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយថា យើងនឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្មចិនយ៉ាងម៉ឺងម៉ាត់”។
ប្រែសម្រួលៈ ណៃ តុលា 

To Top