ព័ត៌មានជាតិ

លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ឱ្យអស់ពីលទ្ធភាពកុំយកកត្តាជីវភាព ធ្វើជាបញ្ហា នាំឱ្យប៉ះពាល់ដល់ការសិក្សា និងជោគវាសនាអនាគតខ្លួន

កំពង់ធំ៖ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពកុំយកកត្តាជីវភាព ធ្វើជាបញ្ហា នាំឱ្យប៉ះពាល់ដល់ការសិក្សា និងជោគវាសនាអនាគតខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះ ក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងអប់រំសីលធម៌ ចរិយាធម៌ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។

ថ្លែងនៅក្នុងពិធីដ៏វិសេសវិសាលនេះលោកបានលើកទឹកចិត្តថែមទៀត ដល់សិស្សានុសិស្សគ្រប់រូបត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ជាពិសេស ត្រូវត្រៀមខ្លួនឱ្យបានមាំទាំបំផុតមុនឈានជើងចូលរៀនមហាវិទ្យាល័យ និងសាលាវិជ្ជាជីវៈឯកទេស ប្រកបដោយភាពជឿជាក់ខ្ពស់ ហើយត្រូវតែមានភាពវៃឆ្លាត និងបត់បែនគ្រប់កាលៈទេសៈសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានអំពាវនាវបន្ថែមទៀតដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសិស្សានុសិស្សនិងយុវជនបន្ត ត្រូវបន្តពហិការដាច់ខាតរាល់ទំនិញសៀម កុំឱ្យមានវត្តមាននិងចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជានិងលើកកំពស់ផលិតផលក្នុងស្រុក ដើម្បីជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសេដ្ឋកិច្ចប្រទេសជាតិយើងថែមទៀត។

ជាចុងបញ្ចប់លោក សាយ គឹមឡម មានជំនឿជឿជាក់យ៉ាងសុទិដ្ឋិនិយមថា ក្រោយពីអប់រំសីលធម៌ ចរិយាធម៌នេះទៅសិស្សានុសិស្សគ្រប់រូបនៃវិទ្យាល័យ ហ៊ុន សែន រុងរឿង យុវជននៅក្នុងមូលដ្ឋាន រៀបចំអភិវឌ្ឍខ្លួនជាសិស្សានុសិស្ស និងយុវជនគំរូ ចាកផុតពីអបាយមុខទាំងពួង ហើយខិតខំសិក្សារៀនសូត្របន្ថែមទៀត ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកធ្វើដំណើនៅលើផ្លូវសាធារណៈ នៅឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងដែលអាចនាំឱ្យប៉ះពាល់ និងខូចវាសនាអនាគតខ្លួន។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោកអភិបាលស្រុកស្ទោង និងសហការីបានចូលរួមបុណ្រផ្កាប្រាក់សាមគ្គីនេះនូវបច្ច័យចំនួន ៤,៧០០,០០០រៀល និង១០០ដុល្លាសហរដ្ឋអាមេរិក៕

ដោយ៖ សំនៀង

To Top