សម្តេចតេជោ ហ៊ុន សែន ក្រើនរំឭកអាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយវៀតណាម
ស្វាយរៀង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំឭកដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលរវាងប្រជាជនប្រទេសទាំងពីរ។
ការក្រើនរំលឹករបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស។
លើសពីនេះ សម្តេចតេជោ ក៏បានរំលឹកឱ្យអាជ្ញាធរខេត្តស្វាយរៀងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តស្វាយរៀងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
