តម្លៃប្រេងឡើងជាង ១% បន្ទាប់ពីលោក ត្រាំ បង្ហាញពីចំណាប់អារម្មណ៍របស់ចិន ក្នុងការទិញប្រេងពីសហរដ្ឋអាមេរិក
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១% បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសចិនចង់ទិញប្រេងពីសហរដ្ឋអាមេរិក ហើយក្នុងពេលដែលក្តីបារម្ភនៅតែបន្ត កើតមានលើការវាយប្រហារកប៉ាល់ និងការរឹបអូស ទោះបីជាអ៊ីរ៉ង់បាននិយាយថា កប៉ាល់ប្រហែល ៣០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូសក៏ដោយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងប្រភេទ Brent បានកើនឡើង 1.17 ដុល្លារ ឬ 1.11% ដល់ 106.89 ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង 1.10 ដុល្លារ ឬ 1.09% ដល់ 102.27 ដុល្លារ។
លោក ត្រាំ ក៏បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា លោកនឹងមិនអត់ធ្មត់ជាមួយអ៊ីរ៉ង់ទៀតទេ ក្នុងពេលដែលលោកបានជំរុញឱ្យទីក្រុងតេហេរ៉ង់ ឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។
សូមជម្រាបថា កប៉ាល់មួយគ្រឿងត្រូវបានរាយការណ៍ថា ត្រូវបានរឹបអូសដោយបុគ្គលិកអ៊ីរ៉ង់ នៅឯនាយសមុទ្រអារ៉ាប់រួម ហើយបានឆ្ពោះទៅកាន់ដែនទឹកអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ ចំពេលដែលសេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពគ្នាលើតម្រូវការក្នុងការរក្សាផ្លូវដឹកជញ្ជូនច្រកសមុទ្រហ័រមូស ឱ្យបើកចំហ៕
ប្រែសម្រួលៈ ណៃ តុលា
