ភ្នំពេញ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាធិបតេ យ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជា ទៅបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសខ្លួន។
ក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភាលោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិ ដែលទាមទារឲ្យមានការ វិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ លោក ចង់ឃើញវត្តមានធុរជនកម្ពុជា ទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។
លោកទូតក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋទីម័រខាងកើត បានគោរពស្រឡាញ់ និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រទេសជាតិ និងប្រជាជនរបស់ សម្តេចប្រធានរដ្ឋសភា។ សម្តេចជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ អភិវឌ្ឍន៍ និងបង្រួបបង្រួមប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោកទូតបានអបអរសាទរ ចំពោះការបោះពុម្ពផ្សាយសៀវភៅ និយាយពីប្រវត្តិតស៊ូរបស់ សម្តេចប្រធានរដ្ឋសភា កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ ក្រោយបានសិក្សារៀនសូត្រ។ លោក បានគូសបញ្ជាក់ថា «សៀវភៅនោះមានសារៈសំខាន់ ជាប្រវត្តិសាស្រ្ត។
លោកអើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត តាមពេលវេលាសមស្របណាមួយ។
ក្នុងជំនួបនោះដែរសម្តច ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះ ប្រសាសន៍របស់លោក ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតល្អ រវាងប្រទេសទំាងពីរ កម្ពុជានិងទីម័រខាងកើត។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្ត កិច្ចសហប្រតិបត្តិការអោយខ្លាំងក្លាថែមទៀត លើវិស័យទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ ដល់ប្រជាជាតិទាំងសងខាង។
សម្តេច បានទទួលយកការគោរពអញ្ជើញ របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញសម្តេចទៅ បំពេញទស្សនកិច្ចនៅ ប្រទេសទីម័រខាងកើត នៅពេលវេលាសមស្របណាមួយ។
សម្តេចបានបន្តថា កន្លងមក រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្រ រដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍ របស់អន្តរសភាអាស៊ាន(អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភា ទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និងអាស៊ាន នៅថ្ងៃអនាគត ។
ចុងក្រោយលោកអើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភានិងរាជ រដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាព របស់ប្រទេសទីម័រខាងកើតនៅក្នុងក្រ បខណ្ឌអាស៊ាននិងអន្តរសភាអាស៊ាន។
លោកបានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូត ឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។
លោកឯកអគ្គរដ្ឋទូត បានចាត់ទុកកម្ពុជា ជាគេហដ្ឋានទី២របស់ខ្លួន មិនមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ស សំណាង