មន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារ បង្ក្រាបក្រុមជនសង្ស័យ២នាក់ ព្រមទាំងដកហូតឈើប្រណីត និងអាវុធកែច្នៃ ក្នុងបទល្មើសព្រៃឈើ
ខេត្តព្រះវិហារ៖ យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្តែង ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងមន្ត្រីឧទ្យានុរក្សពាក់ព័ន្ធ បានបើកប្រតិបត្តិការចុះល្បាតយ៉ាងសស្រាក់សស្រាំ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្សសរុបចំនួន ៧នាក់ ដែលមកពី ស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក។
ក្រុមកម្លាំងចម្រុះបានចុះល្បាតយ៉ាងស៊ីជម្រៅនៅក្នុងផ្ទៃដីព្រៃសហគមន៍ បង្កនសែនជ័យ។ លុះធ្វើដំណើរទៅដល់ចំណុចព្រៃល្បើក ដែលមាននិយាមកា លេខ (៥៤១០៥០-១៥១៤២៩៦) ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កម្លាំងជំនាញក៏បានប្រឈមមុខ និងស្ទាក់ចាប់បានជនសង្ស័យទាំង ២នាក់ភ្លាមៗ ខណៈដែលពួកគេកំពុងសកម្មភាព។

នៅក្នុងកិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន៖
គោយន្តកន្ត្រៃ ចំនួន ០២គ្រឿង ឈើអារប្រភេទលេខ១ (សុក្រម) ពេញផ្ទុកនៅលើគោយន្ត រណាយន្ត អាវ៉ង់សឺ ចំនួន ០១គ្រឿង អាវុធកែច្នៃ (ប្រើហ្គាស) ចំនួន ០១ដើម។
យោងតាមប្រភពពីមន្ត្រីអនុវត្តច្បាប់នៅនឹងកន្លែង បានឱ្យដឹងថា ទាំងជនសង្ស័យ និងវត្ថុតាងចាប់បានទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ ស្នាក់ការរងពើក ជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបន្តនីតិវិធីច្បាប់ជាធរមាន។

ការបង្រ្កាបជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរ និងមន្ត្រីការពារបរិស្ថាន ក្នុងការការពារគម្របព្រៃឈើ និងធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានតម្លៃនៅក្នុងតំបន់ការពារនៃខេត្តព្រះវិហារ៕
ដោយ៖ សួន ពិសិត|ដើមអម្ពិល
