ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការចុះបង្ក្រាប និងវាយកម្ទេចចោលនូវឡធ្យូងខុសច្បាប់ចំនួន ០៨កន្លែង ដែលលួចបង្កើតឡើងដោយគ្មានការអនុញ្ញាត នៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោក តុល រ៉េត មន្ត្រីទទួលបន្ទុកគ្រប់គ្រងរួមនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ រួមជាមួយមន្ត្រីឧទ្យានុរក្សចំនួន ០៧នាក់ និងមានការចូលរួមគាំទ្រពីលោក សំ បូរ អនុភូមិពលកម្ម នៃឃុំរក្សា ស្រុករវៀង។

ក្រុមកម្លាំងចម្រុះបានចុះទៅដល់ទីតាំងផ្ទាល់ ដែលស្ថិតនៅចំណុចដំបូកប្រាំ (និយាមកា ៥១៥៣២១-១៤៩៥៨១១) ក្នុងភូមិពលកម្ម ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ នៅទីនោះ អាជ្ញាធរបានរកឃើញឡធ្យូងដែលកំពុងដំណើរការដោយខុសច្បាប់ និងបានសម្រេចវាយកម្ទេចចោលភ្លាមៗនៅនឹងកន្លែង ដើម្បីទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើសម្រាប់យកមកធ្វើអាជីវកម្មធ្យូង។
មន្ត្រីជំនាញបានគូសបញ្ជាក់ថា ការលួចបង្កើតឡធ្យូងនៅក្នុងតំបន់ការពារនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះពីបទប្បញ្ញត្តិនៃ «ក្រមបរិស្ថាន និងធនធានធម្មជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។
បទល្មើសប្រភេទនេះ មិនត្រឹមតែបំផ្លាញធនធានព្រៃឈើដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាហានិភ័យខ្ពស់ដល់ការបាត់បង់ទីជម្រកសត្វព្រៃ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលនៃតំបន់ព្រៃឡង់ ដែលជាព្រៃទឹកភ្លៀងក្ដៅដីគោកដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អាជ្ញាធរដែនជម្រកសត្វព្រៃព្រៃឡង់ បានបង្ហើបឱ្យដឹងថា វិធានការច្បាប់ដ៏តឹងរ៉ឹងនឹងត្រូវបន្តអនុវត្តជាប្រចាំ ដោយបង្កើនការល្បាត និងសហការជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ដើម្បីលុបបំបាត់រាល់សកម្មភាពទន្ទ្រាន និងបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងតំបន់អភិរក្សឱ្យបានទាន់ពេលវេលា៕
ដោយ៖ សួន ពិសិត|ដើមអម្ពិល
