បងធំទីពីររបស់ក្រុមឧទ្ទាម ISIS ទូទាំងពិភពលោក ត្រូវបានសម្លាប់ដោយកងកម្លាំងអាមេរិក និងកងកម្លាំងនីហ្សេរីយ៉ា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា Abu-Bilal al-Minuki ដែលជាបងធំទីពីររបស់ក្រុមឧទ្ទាម ISIS ទូទាំងពិភពលោក ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយដែលធ្វើឡើងដោយកងកម្លាំងអាមេរិក និងកងកម្លាំងនីហ្សេរីយ៉ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅលើ Truth Social ថា “យប់នេះ តាមការដឹកនាំរបស់ខ្ញុំ កងកម្លាំងអាមេរិកដ៏ក្លាហាន និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីហ្សេរីយ៉ា បានអនុវត្តបេសកកម្មដែលបានគ្រោងទុកយ៉ាងហ្មត់ចត់ និងស្មុគស្មាញបំផុត ដើម្បីលុបបំបាត់ភេរវករសកម្មបំផុតនៅលើពិភពលោកចេញពីសមរភូមិ។ លោក Abu-Bilal al-Minuki ដែលជាមេបញ្ជាការទីពីររបស់ក្រុមឧទ្ទាម ISIS ទូទាំងពិភពលោក គិតថាគាត់អាចលាក់ខ្លួននៅអាហ្វ្រិក ប៉ុន្តែគាត់មិនបានដឹងទេថាយើងមានប្រភពដែលជូនដំណឹងដល់យើងអំពីអ្វីដែលគាត់កំពុងធ្វើនោះទេ”។
លោក ដូណាល់ ត្រាំ មិនបានបង្ហាញនៅក្នុងសាររបស់គាត់អំពីទីតាំងពិតប្រាកដនៃប្រតិបត្តិការនោះទេ។
លោក Al-Minuki ដែលជាជនជាតិនីហ្សេរីយ៉ា ត្រូវបានកំណត់ថាជា “ភេរវករសកលដែលត្រូវបានកំណត់ជាពិសេស” ដោយរដ្ឋបាលលោក Biden ក្នុងឆ្នាំ ២០២៣ នេះបើយោងតាមបញ្ជីឈ្មោះសហព័ន្ធអាមេរិក។
លោក ត្រាំ ដែលពីមុនបានចោទប្រកាន់ប្រទេសនីហ្សេរីយ៉ាថាបានបរាជ័យក្នុងការការពារគ្រិស្តបរិស័ទពីពួកសកម្មប្រយុទ្ធឥស្លាមនៅភាគពាយ័ព្យ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនីហ្សេរីយ៉ាចំពោះភាពជាដៃគូរបស់ខ្លួននៅក្នុងប្រតិបត្តិការនេះ៕
ប្រែសម្រួលៈ ណៃ តុលា
