អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺដើម្បីលួចយកទ្រព្យសម្បត្តិ ក៏ដូចជា លួចទូរស័ព្ទនៅក្នុងមន្ទីពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ក្នុងនោះមានឈ្មោះ ១-ឈ្មោះ ដារ៉ូ ភារុន ភេទប្រុស អាយុ ២០ឆ្នាំ និង២-ឈ្មោះ ត្រេន អាយយុ ភេទប្រុស អាយុ ១៧ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទ របស់ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
