រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹង បញ្ជាក់ពីគោលបំណងនៃការធ្វើអត្តសញ្ញាណកម្មដីធ្លី នៅតំបន់អមសងខាងផ្លូវថ្មី ក្នុងស្រុកជាំក្សាន្ត
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ពាក់ព័ន្ធនឹងការចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅតំបន់អមសងខាងផ្លូវថ្មី តភ្ជាប់ពីភូមិក្រឡាពាស ឃុំព្រីងធំ មកកាន់តំបន់ស្រះម្លិះ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដែលថ្មីៗនេះមានការលើកឡើង និងការតវ៉ាពីប្រជាពលរដ្ឋមួយចំនួននោះ អាជ្ញាធរខេត្តសូមបញ្ជាក់យ៉ាងច្បាស់ថា ការចុះអនុវត្តនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីធានាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ និងរក្សាទុកសម្បត្តិព្រៃឈើសម្រាប់អនាគតកូនចៅជំនាន់ក្រោយ។

រដ្ឋបាលខេត្តបញ្ជាក់ថា ការធ្វើអត្តសញ្ញាណកម្មដីធ្លីនេះ គឺជាការស្រង់ទិន្នន័យ និងកំណត់ស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើការកត់ត្រាចំនួនគ្រួសារ ទំហំដី និងប្រភេទដំណាំដែលកំពុងបង្កបង្កើនផលពិតប្រាកដ។ ការងារនេះ មានគោលដៅដើម្បីជួយឱ្យអាជ្ញាធរមានមូលដ្ឋានទិន្នន័យច្បាស់លាស់ សម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងធានាថា ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង អាចបន្តប្រកបរបរបង្កបង្កើនផលបានដោយស្ថិរភាព។

ជាមួយគ្នានេះ ការចុះអនុវត្តក៏មានគោលបំណងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ ដែលប៉ះពាល់ដល់បរិស្ថាន និងផ្ទុយនឹងបទប្បញ្ញត្តិច្បាប់ និងព្រះរាជក្រឹត្យដែលបានកំណត់។ អាជ្ញាធរខេត្តបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ នឹងអាចនាំឱ្យមានការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

លើសពីនេះ ការធ្វើអត្តសញ្ញាណកម្មដីធ្លី ក៏ជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់អាជ្ញាធរ ក្នុងការរៀបចំគ្រប់គ្រងដីធ្លី និងជំរុញការស្តារព្រៃឈើឡើងវិញនៅតំបន់ដែលរងការខូចខាត។ ការរៀបចំផែនការនេះ មានគោលដៅរក្សាតុល្យភាពធម្មជាតិ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបន្សល់ទុកធនធានធម្មជាតិដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយការយោគយល់ និងទទួលខុសត្រូវរួម ដើម្បីផលប្រយោជន៍សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព៕


ដោយ ៖ សួន ពិសិ| ដើមអម្ពិល
