ព័ត៌មានជាតិ

លោក ខូយ រីដា បើកយុទ្ធនាការដាំកូនឈើក្ងោកចំនួន ៣០០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ១០

ពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំយុទ្ធនាការដាំកូនឈើក្ងោកចំនួន ៣០០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ១០ (ពីប្រមោយ ទៅកាន់អូរសោម) ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

កូនឈើក្ងោកចំនួន ៣០០ដើម ដែលបានយកមកដាំដុះនាពេលនេះ គឺជាការផ្តល់ជូនពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មកកាន់រដ្ឋបាលខេត្ត។ យុទ្ធនាការដាំកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យបរិស្ថានបៃតង បង្កើតគម្របបៃតងការពារធម្មជាតិ និងដើម្បីកែលម្អសោភ័ណភាពដងផ្លូវជាតិលេខ១០ ឱ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិស្រុកវាលវែង ជាពិសេសតំបន់អូរសោម។

ការរួមគ្នាបណ្តុះគំនិតស្រឡាញ់បរិស្ថាន និងការដាំដើមឈើឡើងវិញនេះ មិនត្រឹមតែជួយដល់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព សម្រាប់ខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top