ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ ចូលរួមព្រឹត្តិការណ៍ដង្ហែ គោមឈូកព្រះពុទ្ធសាសនា នៅកណ្តាលទីក្រុងសេអ៊ូល

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ និងលោកស្រី ព្រមទាំងមន្ត្រីស្ថានទូត នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធីដង្ហែ គោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026» រៀបចំដោយគណៈកម្មាធិការ អភិរក្សគោមឈូកសាធារណរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភពី សាលាក្រុងសេអ៊ូល និងគណៈកម្មាធិការវត្តព្រះពុទ្ធសាសនាកូរ៉េឆូកេសា សាធារណរដ្ឋកូរ៉េ ។

ក្នុងកម្មវិធីនេះ ក៏មានអ្នកចូលរួមទស្សនា ពីជនជាតិកូរ៉េ និងភ្ញៀវទេសចរបរទេស នៅតាមបណ្តោយមហាវិថីធំៗ កណ្តាលទីក្រុងសេអ៊ូលជាង៥០ម៉ឺននាក់។

ក្បួនដង្ហែរបស់ប្រទេសកម្ពុជាបានដឹកនាំរៀបចំ ដោយព្រះតេជគុណ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ និងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានរៀបចំផែនក្បួន ដង្ហែតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងអមដោយផែនប្រពៃណី។

ក្រៅពីបង្ហាញពីគោមផ្ការំដួល តាមលក្ខណៈព្រះពុទ្ធសាសនាខ្មែរ ក្បួនដង្ហែកម្ពុជា ក៏បានបង្ហាញ នូវវប្បធម៌ដ៏សំបូរ បែបរបស់ខ្លួន ដូចជា ៖ សម្លៀកបំពាក់ព្រះមហាក្សត្រ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ របាំល្ខោនខោល ល្ខោនបាសាក់ និងរបាំល្ខោនស្បែកផងដែរ ដែលទទួលបានការស្វាគមន៍ និងធ្វើឱ្យអ្នកចូលរួមទស្សនា មានការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវប្បធម៌ប្រពៃណី របស់ប្រទេសកម្ពុជា៕

Screenshot
Screenshot
To Top