រដ្ឋបាលខេត្តព្រះវិហារ ប្រកាសតែងតាំងប្រធាន រតនាគារខេត្តថ្មី ដើម្បីពង្រឹងតម្លាភាពនិងប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ខេត្តព្រះវិហារ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក ជា សុជាតិ ជាប្រធានរតនាគារខេត្តថ្មី ក្នុងគោលបំណងជម្រុញ និងពង្រឹងបន្ថែមនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាពខ្ពស់។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅសាលប្រជុំសាលាខេត្តព្រះវិហារនៅថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូប។

នៅក្នុងឱកាសនោះ លោក វ៉ាន់ ពុទ្ធិពល បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រធានរតនាគារចាស់ ព្រមទាំងមន្ត្រីរតនាគារខេត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ចគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។

ដើម្បីបន្តនិរន្តរភាពការងារ និងលើកកម្ពស់ស្តង់ដារគ្រប់គ្រងថវិកាជាតិ គណៈអធិបតីបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ លោក ជា សុជាតិ ដែលជាប្រធានរតនាគារខេត្តថ្មី លើការងារអាទិភាពចំនួន ៣ រួមមាន៖
ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងបង្កើនការសហការ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងអង្គភាព ដើម្បីបង្កើតបរិយាកាសការងារប្រកបដោយប្រសិទ្ធភាព។
ការបង្កើនកិច្ចសហការជិតស្និទ្ធ ត្រូវពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្តទាំងអស់ ដើម្បីធានាបាននូវការអនុវត្តការងារថវិកាមានភាពរលូន។
ការធានាតម្លាភាព និងការកែទម្រង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងថវិកាជាតិឱ្យមានតម្លាភាព ព្រមទាំងជម្រុញការអនុវត្តយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងក្នុងខេត្ត។



ការផ្លាស់ប្តូរ និងតែងតាំងមុខតំណែងនាពេលនេះ គឺជាយន្តការការងាររដ្ឋបាលធម្មតា ប៉ុន្តែវាជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការធ្វើទំនើបកម្មស្ថាប័នថ្នាក់ក្រោមជាតិ ដើម្បីធានាថាការប្រើប្រាស់ថវិកាជាតិ និងការផ្តល់សេវាសាធារណៈនៅក្នុងខេត្តព្រះវិហារ ប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ តម្លាភាព និងចំគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕




ដោយ៖ សួន ពិសិត
