លោក ឃួន ផុនរតនៈ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាយន្តការដ៏សំខាន់
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គឺជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ។
ការលើកឡើងបែបនេះ របស់លោក ឃួន ផុនរតនៈ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាមួយលោក Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើយន្តការចាំបាច់មួយចំនួន ដើម្បីជួយជំរុញដល់កំណើនពាណិជ្ជកម្មរវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន។
លោក Yeo Han-Koo បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន ឱ្យបានឆាប់ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការពន្លឿនកិច្ចចចារពាណិជ្ជកម្មសេរីសាធារណរដ្ឋកូរ៉េ-អាស៊ាន។ លោកទូតក៏បានជម្រាប រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានតាំងពីឆ្នាំ២០២២ ហើយជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
លោក ឃួន ផុនរតនៈ ក៏បានស្នើជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ ៕











