លោក Trump និងលោក Putin អាចនឹងជួបគ្នាម្តងទៀតនៅខែវិច្ឆិកាខាងមុខ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការនៃវិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងជួបគ្នាម្តងទៀតនៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនក្នុងខែវិច្ឆិកាខាងមុខ។
លោកPutin ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់គាត់ទៅកាន់ប្រទេសចិនបានប្រាប់ប្រធានាធិបតីចិន Xi Jinping ថាលោកគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen នៅថ្ងៃទី១៨និង១៩ ខែវិច្ឆិកាខាងមុខ។
ក្នុងនោះផងដែរលោក Trump ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុនបានរាយការណ៍ថាលោកមានបំណងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។
លោក Ushakov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ៖ប្រធានាធិបតីរបស់យើងបានបញ្ជាក់ថាគាត់នឹងមកកិច្ចប្រជុំកំពូល APEC។
លោកបានមានប្រសាសន៍ទៀតថា៖ខ្ញុំគិតថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមេដឹកនាំទាំងពីរនៅក្នុងប្រទេសចិន ពួកគេប្រហែលជានឹងឆ្លងកាត់ផ្លូវមួយ ហើយធ្វើការជួបគ្នាបែបណាមួយនៅទីនោះ។
ជំនួយការប្រធានាធិបតីរុស្សីបានបន្ថែមថា ៖រហូតមកដល់ពេលនេះ នេះមិនទាន់មានការឯកភាពគ្នានៅឡើយទេ ប៉ុន្តែដោយសារការរំពឹងទុកបែបនេះមាន វាមិនទំនងថានរណាម្នាក់នឹងបដិសេធឡើយ៕
ប្រែសម្រួល៖ស៊ុនលី
