បច្ចេកវិទ្យា

រដ្ឋមន្ដ្រីការពារជាតិ ក្រើនរំលឹកកងទ័ព និងពលរដ្ឋបន្ដការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានក្រើនរំលឹកដល់ កងទ័ព និងប្រជាពលរដ្ឋ ត្រូវបន្តការពារខ្លួនឲ្យល្អ ពីការចម្លងមេរោគ កូវីដ-១៩ ទោះបីកម្ពុជា មានចំនួនអ្នកឆ្លងតិចតួចក៏ដោយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ទៀ បាញ់ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ថា «សូមបងប្អូន កងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួនឲ្យបានល្អ ពីការចម្លងមេរោគ កូវីដ-១៩ ដោយហេតុថា យើងនៅតែបន្តរកឃើញករណីចម្លងថ្មី បើទោះជា វាមានចំនួន តិចតួចក្តី»។

សម្ដេចបន្ដថា ប្រជាពលរដ្ឋត្រូវចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយ សាប៊ូ ឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះ បើមិនចាំបាច់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៦នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៧នាក់) ក្នុងនោះអ្នកជំងឺ១២៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២នាក់ កំពុងសម្រាកព្យាបាល៕

ដោយ អេង ប៊ូឆេង

To Top