ព័ត៌មានជាតិ

សម្តេច ស ខេង ជំរុញឲ្យអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃប្រមូល និងដោះស្រាយបញ្ហាឲ្យអស់ ទោះជាពាក្យបណ្តឹង លាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដោយ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន ជំរុញណែ នាំដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវទទួល និងប្រមូលយកពាក្យ បណ្ដឹងនានាជាលាយលក្ខណ៍អក្សរ ឬក៏ជាការផ្សព្វផ្សាយតាមសារព័ត៌មាន ឬតាមបណ្តាញ សង្គមផ្សេងៗពីគ្រប់ប្រភព ដែលទាក់ទងទៅនិងរឿងរ៉ាវ ក៏ដូចជារឿងអាស្រូវ របស់មន្រ្តីក្រោមចំណុះក្រសួងមហាផ្ទៃ យកមកដោះស្រាយឲ្យអស់ និងឈរលើគោលការណ៍ច្បាប់ ជាមូលដ្ឋានប្រកបដោយយុត្តិធម៌ ។

ក្នុងកិច្ចប្រជុំឆ្លងផែនការ សកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ សម្តេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមស្នើ ធ្វើមិចគោលការណ៍របស់យើង គឺត្រូវតែប្រមូលរឿងឲ្យអស់ ហើយដោះស្រាយរឿងឲ្យអស់ ព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធ និងក្រសួងមហាផ្ទៃ គឺយើងខិតខំប្រមូលឲ្យអស់ ហើយដោះស្រាយឲ្យអស់ ទោះបីតាមប្រភពណាក៏ដោយ” ។

សម្ដេចបន្ដថា រាល់ការបង្ហោះសារ ឬការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន នៅតាមប្រព័ន្ធអេឡិចត្រូនិក គឺមានព័ត៌មានខ្លះត្រូវ ដែលត្រូវតែយកមកធ្វើការ ស្រាវជ្រាវ និងដោះស្រាយ ទោះបីចេញពីប្រភពណាក៏ដោយ។

សម្តេចក៏បានចាត់ទុកថា នេះគឺជាប្រភេទពាក្យបណ្តឹងមួយ តាមរយៈសារព័ត៌មាន ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ ហើយសម្តេច ក៏បានណែនាំឲ្យអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជ្រើសរើសយកបញ្ហាទាំងអស់ នោះយកមកស្រាវជ្រាវ ហើយធ្វើការដោះស្រាយ ។ លើសពីនេះទៀត សម្តេច ក៏បានចាត់ទុកថា មន្រ្តីអធិការកិច្ច ក៏ដូចជាមន្រ្តីសវនកម្ម គឺដូចជាបូជនីយៈបុគ្គល ដែលត្រូវតែតម្កល់យុត្តិធម៌ជាចម្បង គឺត្រូវធ្វើការដោយភាព ត្រឹមត្រូវយុត្តិធម៌ និងមិនលំអៀង ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៩ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចំនួន ៨៥៣ សំណុំរឿង ដោយក្នុងនោះទទួលបាន ពីប្រភពជាច្រើន រួមមាន តាមរយៈក្រសួងមហាផ្ទៃផ្ទាល់, តាមបញ្ជារបស់ថ្នាក់ដឹកនាំ, តាមសំណើអន្តរាគមន៍ និងតាមរយៈសារព័ត៌មាននានា ។ ហើយក្នុងចំណោមពាក្យ បណ្តឹងសរុបចំនួន ៨៥៣នេះដែរ អគ្គាធិការដ្ឋាន បានចាត់មន្រ្តីជំនាញ ចុះធ្វើអធិការកិច្ច អង្កេតស្រាវជ្រាវ ព្រមទាំងបានស្នើសុំគោលការណ៍ពិនិត្យ សម្រេចដោយបង្វែរ ទៅសមត្ថកិច្ចពាក់ព័ន្ធ និងសាម៉ីដើមបណ្តឹង តាមនីតិវិធីច្បាប់ ៕ ដោយ៖ អេង ប៊ូឆេង

To Top