ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សព្វថ្ងៃនេះមានរោងចក្រ ចំនួន២០ នៅខេត្តព្រះសីហនុ សុំព្យួរការងារ ដោយសារជំងឺ កូវីដ-១៩ ហើយក៏មានរោងចក្រមួយចំនួន បន្តការងារធម្មតា ផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាល ខេត្តព្រះសីហនុ» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន បានថ្លែងថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១០កន្លែង ប៉ុន្តែបច្ចុប្បន្នដំណើរ ការបាន៤កន្លែង តែប៉ុណ្ណោះដោយរោងចក្រមួយចំនួន បានបិទទ្វារដោយសារខ្វះវត្ថុធាតុដើម ដែលបណ្តាលមកជំងឺកូវិដ-១៩ ។
លោកបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសទាំង៤កន្លែង ដែលកំពុងតែដំណើរការនោះ កំពុងតែសម្រុកការងារផលិតរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ ទាំងក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ហើយអាជ្ញាធរក៏បានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនខិតខំបន្ថែម ទៀតផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាបញ្ហាកូវីដ បានប៉ះពាល់មកដល់ពេលនេះ ឃើញថាមានការ ប្រឈមខ្លះ គឺមានរោងចក្រត្រឹមតែជាង២០ប៉ុណ្ណោះ ដែលបានសុំព្យួរការងារ ហើយមានប៉ះពាល់ដល់កម្មករការងារយ៉ាងច្រើន ក៏ប៉ុន្តែយើងនៅតែបានឃើញថា បណ្តារោងចក្រមួយចំនួនសុំថែមម៉ោងអីចឹង។ មាន ន័យថាគាត់នៅមានសមត្ថភាពផលិតកន្លែងខ្លះដែរ។ គាត់ នៅមានការបញ្ជាទិញកន្លែងខ្លះដែលគាត់មាន វត្ថុធាតុដើមគាត់ត្រូវការដើម្បីផ្គត់ផ្គង់»។
លោករៀបរាប់ថា ខេត្តព្រះសីហនុមានរោងចក្រផលិត សម្ភារៈសុខាភិបាល ហើយខេត្តក៏បានលើកទឹកចិត្ត ដើម្បីឲ្យពួកគាត់បង្កើនការផលិតបានរួមចំណែកដើម្បី ផ្តល់ឲ្យសុខមាលភាព ដល់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុមានរោងចក្រសហគ្រាស ប្រមាណជាង១៣០០រោងចក្រ ។ ក្នុងនោះ រោងចក្រចំនួន ២១៧ សហគ្រាសធុនតូច និងមធ្យមប្រមាណ១១០០កន្លែង និងមានកម្មករ ប្រមាណជាង៩៥០០នាក់ ៕ ដោយ អេង ប៊ូឆេង