អភិបាលស្រុកតាំងគោក បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករ បន្តដាំដំឡូងមី និងបន្លែបន្ទាប់បន្សំបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករ បន្តដាំដុះដំឡូងមី និងបន្លែបន្ទាប់បន្សំបានច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារ។ ការលើកឡើងដូច្នេះ ក្នុងឱកាសលោក ចុះពិនិត្យមើលស្ថានភាពរស់នៅ និងការពិនិត្យមើលដំណាំរបស់ប្រជាកសិករ ដែលកំពុងដាំដំណាំតាមចម្ការដូចជា ដំឡូង ស្វាយចន្ទី ត្រសក់ ឪឡឹក ជាដើម នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែង ប្រជាកសិករភាគច្រើន ប្រកបមុខរបរកសិកម្ម ព្រោះប្រភេទដីនៅតំបន់នោះ មានអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងៗ ក៏ងាយស្រួលផងដែរ ដោយសារមានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការ រហូតដល់ផ្លូវធំ ក្នុងស្រុកទាំងមូល។


ទន្ទឹមនេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរឃុំ ឧស្សាហ៍ចុះសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងទៅលើដំណាំ គ្រប់ប្រភេទ ត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា៕






ដោយ៖ សំនៀង
