ភ្នំពេញ៖ ខណៈសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ មនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោកស្រី មូរ សុខហួរ បាននៅតែបន្តអះអាងថា មេរបស់ខ្លួននឹងធ្វើដំណើរមកកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ។
លោក សម រង្ស៊ី ក្នុងពេលមកដល់ព្រលានយន្តហោះ សាលឺកូល ក្រុងបារីស ប្រទេសបារាំង ដើម្បីបំពេញបែបបទនានា ធ្វើដំណើរតាម ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវេ ឆ្លងមកកម្ពុជា ត្រូវបានក្រុមប៉ូលីសចុះទប់ស្កាត់ និងហាមឃាត់មិនឲ្យធ្វើដំណើរ។ ការមិនអនុញ្ញាតឲ្យលោក សម រង្ស៊ីមកនេះ ត្រូវបានខាងក្រុមហ៊ុនអាកាសចរណ៍ថៃ អះអាងថា ថ្នាក់លើបញ្ជាមក។
ប៉ុន្មានម៉ោងក្រោយមិនអនុញ្ញាត លោក សម រង្ស៊ី ត្រូវបានក្រុមហ៊ុន អាកាសចរណ៍ថៃ អះអាងថា មិនបានទិញសំបុត្រយន្តហោះទេ ។ តែលោកថា សំបុត្រយន្តហោះលោកមានអ្នកដូរ។
លោកស្រី មូរ សុខហួរ បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យុវជនខ្មែរគ្រប់ទិសទី នឹងចូលរួមជាមួយលោក សម រង្ស៊ី ដើម្បីស្រោចស្រង់ ប្រជាធិបតេយ្យទាំងអស់គ្នា។
លោកស្រីថា “សល់តែ១ថ្ងៃទៀត ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធានស្តីទី សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ មកប្រទេសកម្ពុជាវិញ គឺនៅថ្ងៃ៩ វិច្ឆិកា ២០១៩ ដែលជាខួបទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជាដណ្តើម បានពីអាណានិគមនិយមបារាំង” ។
លោក សម រង្ស៊ី ក្រោយពីមិនអនុញ្ញាត ឲ្យជិះយន្តហោះ លោកក៏បានអះអាងថា នឹងព្យាយាមទិញសំបុត្រយន្តហោះ មកប្រទេសមួយក្នុងតំបន់អាស៊ាន ដើម្បីមកកម្ពុជាឲ្យទាល់តែបាន។
ជាមួយគ្នានេះ លោកសម រង្ស៊ី បង្ហាញក្នុងហ្វេសប៊ុកថា តំណាងរាស្ត្រសភាអឺរ៉ុប៥៦នាក់ បានទាមទារ ឲ្យមានការធានាសុវត្ថិភាព និងសេរីភាព លោកពេលវិលត្រឡប់មកកម្ពុជាវិញ៕