លោក ដូណាល់ ត្រាំ ព្រមានប្រទេសអូម៉ង់ កុំឱ្យជ្រៀតជ្រែកក្នុងកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងផុយស្រួយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រទេសអូម៉ង់ កុំឱ្យជ្រៀតជ្រែក ខណៈដែលកិច្ចចរចាដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ នៅតែបន្ត ដោយអះអាងថា សហរដ្ឋអាមេរិក នឹងតាមដានច្រកសមុទ្រហ័រមូស យ៉ាងដិតដល់។
នៅពេលសួរថាតើលោកនឹងទទួលយកកិច្ចព្រមព្រៀងរយៈពេលខ្លីដែលនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ និងអូម៉ង់គ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះដែរឬទេ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានថា «ច្រកសមុទ្រនេះនឹងបើកចំហ សម្រាប់មនុស្សគ្រប់គ្នា»។
លោកបានលេីកឡេីងថា «វាជាដែនទឹកអន្តរជាតិ។ គ្មាននរណាម្នាក់នឹងគ្រប់គ្រងវាទេ។ យើងនឹងតាមដានវា នោះជាផ្នែកមួយនៃការចរចាដែលយើងមាន»។
ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថា «អូម៉ង់នឹងមានឥរិយាបទដូចអ្នកដទៃដែរ បើមិនដូច្នោះទេ យើងនឹងត្រូវបំផ្ទុះវាចោល»។
ការកត់សម្គាល់របស់លោក ត្រាំ បានកើតឡើង បន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ខ្លួនទទួលបានសេចក្តីព្រាងក្រៅផ្លូវការ នៃកិច្ចព្រមព្រៀងអ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលនឹងស្តារការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូស ឡើងវិញដល់កម្រិតមុនសង្គ្រាមក្នុង រយៈពេលមួយខែ ដោយអ៊ីរ៉ង់ និងអូម៉ង់ រួមគ្នាគ្រប់គ្រងចរាចរណ៍។
ក្របខ័ណ្ឌនេះក៏នឹងឃើញសហរដ្ឋអាមេរិកលើកការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ និងដកកងកម្លាំងយោធាចេញពីតំបន់ជុំវិញអ៊ីរ៉ង់ ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
