ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានអះអាងជាថ្មីប្រាប់អូស្ត្រាលីថា កម្ពុជាមិនអនុញ្ញាតឱ្យមាន វត្តមានមូលដ្ឋានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជា ជាដាច់ខាត។
ក្នុងកិច្ចពិភាក្សាការងារ តាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី៩ មិថុនានេះ លកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសរបស់អូស្រ្តាលី នៅក្នុងវិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងជាមួយ ការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ហើយនិងបានឯកភាពលើកកម្ពស់ កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងអាស៊ាននិងអូស្ត្រាលី លើការឆ្លើយតប និងការព្យាបាលជម្ងឺកូវីដ-១៩។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនេះភាគីទាំងពីរ ក៏បានថ្លែងអំណរគុណ ចំពោះការជួយយកអាសារគ្នាទៅវិញទៅមកដល់ប្រជាជន នៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនៃ ជំងឺរាតត្បាតជាសាកលកូវីដ-១៩ ហើយបានពិភាក្សាគ្នាអំពី ការប្រតិបត្តិពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ដោយរំលឹកឡើងវិញពីកិច្ចប្រជុំចុងក្រោយ របស់រដ្ឋមន្រ្តីការបរទេសទាំងពីរ កាលពីខែកញ្ញាឆ្នាំមុន នៅទីក្រុងញូវយ៉ក លោកឧបនាយករដ្ឋមន្រ្តី បានអះអាងជាថ្មីចំពោះលោកស្រី នូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្នុងការមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយ នៅក្នុងទឹកដីរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញ ពីជំហររបស់កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់រួចហើយដល់ បរទេសទាំងអស់អំពីការ ស្វាគមន៍គ្រប់ប្រទេស មកធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក នៅមូលដ្ឋានកងទ័ពជើងទឹករាម ។
ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍ របស់លោកស្រី ម៉ារីស ផេន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការនារី លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងគំរោងរៀបចំព្រឹត្តិការណ៍ជាច្រើន ប្រទេសកម្ពុជាមានគោលបំណងរៀបចំព្រឹត្តិការណ៍មួយ ស្តីពី ស្រ្តី នៅក្នុងសន្តិភាព និងសន្តិសុខ ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលអាចធ្វើទៅបានក្នុងការ លើកកម្ពស់អំណាចរបស់ស្ត្រី ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់មួយចំនួន ទាក់ទងនឹងបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ផងដែរ៕