ព័ត៌មានជាតិ

ត្រីប្រាជាច្រើនក្បាល នៅកស្សិណ្ធុ ប្រាសាទបាគង ងាប់ដោយសារខ្វះទឹក

ភ្នំពេញ៖ ត្រីប្រាជាច្រើនក្បាល នៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារ ទឹករីងពីកស្សិណ្ធុ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ មិថុនាថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី៨ មិថុនាមកម្ល៉េះ ។ ពួកគាត់ថា ពួកគាត់រស់នៅទីនេះខ្លះមានអាយុ ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញ កស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមានត្រីធំៗបែបនេះនោះទេ ដែលនេះជាលើកដំបូងហើយ ដែលឃើញកស្សិណ្ធុប្រាសាទបាគងរីង និងបានប្រទះឃើញ ត្រីធំៗជាច្រើនបែបនេះ។ ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រានេះពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែង កាលពីទឹកនៅច្រើន។

ត្រីទាំងនេះមួយចំនួន បានងាប់គេយកទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀតបានកំពុង រស់នៅក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះ ប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិនមានការចាប់យកទៅដាក់ស្រះផ្សេង ទេនោះវាអាចងាប់បន្តអស់។

បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត។

ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះ ជាកស្សិណ្ធុមួយដែលរង់ចាំទឹកភ្លៀងប៉ុណ្ណោះ ដូចជាស្រះសង់ដែរមិនមានប្រភពទឹក នៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។

លោកបន្តថា បច្ចុប្បន្ននេះ នៅកស្សិណ្ធុប្រាសាទបាគង មិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំងធ្វើឲ្យ ត្រីមួយចំនួនងាប់ ៕

To Top