ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តកណ្ដាល មានឱកាសការងារជាង ១០ ០០០កន្លែង កំពុងរង់ចាំអតីតព​លករត្រឡប់​មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ

កណ្ដាល៖ ខេត្តកណ្ដាល មានឱកាសការងារប្រមាណជាង ១០ ០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នក​កំពុង​ស្វែង​រ​កការ​ងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ។ 

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ​ ខេត្តកណ្ដាល មានឱកាសការងារសរុបចំនួន ១៤,២៤៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យ​ឧស្សាហ​កម្ម វិស័យកសិក​ម្ម និងវិស័យ​សេវាកម្ម។ 

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន​តាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ 

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួង​ការងារដដែល៕

To Top