ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប 

ក្រចេះ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI និងសំណេះសំណាលជាមួយបងប្អូនកម្មករដែលកំពុងបម្រើការងារឱ្យក្រុមហ៊ុននៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម។ 

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងឆ្នាំនេះ។ ទន្ទឹមនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា ការងារទាំងនេះកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញ និងបង្កបរិយាកាសអំណោយផលល្អសម្រាប់អ្នកវិនិយោគពីគ្រប់ប្រទេស ដើម្បីឱ្យបងប្អូនទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដ៏មានតម្លៃក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ។ ជាមួយនឹងប្រតិបត្តិការនៅប្រទេសវៀតណាម និងឡាវ ផងដែរ ក្រុមហ៊ុនពិតជាមានបទពិសោធល្អៗផ្នែកកសិ-ឧស្សាហកម្មប្រកបដោយបច្ចេកទេសទំនើប ហើយកំពុងតែនាំយកមកអនុវត្តនិងចែករំលែក ដែលពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ។ 

តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដែលផ្តោតលើ «ការអភិវឌ្ឍបុគ្គលិកមូលដ្ឋាន» ដើម្បីផ្ទេរបច្ចេកទេសនិងអភិវឌ្ឍបុគ្គលិកគ្រប់គ្រងបន្តវេន។ នៅពេលចូលធ្វើការ បងប្អូនក៏ទទួលបានការចុះកិច្ចសន្យាការងារយ៉ាងត្រឹមត្រូវ ហើយក្រុមហ៊ុនក៏បង់ជូនពេញលេញនូវភាគទាននៃរបបសន្តិសុខសង្គមលើផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកអាហារ ដោយបានរៀបចំផ្ទះបាយ ដើម្បីផ្តល់ជូនអាហារ ៣ពេល/ថ្ងៃ កន្លែងស្នាក់នៅ អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតដោយឥតគិតថ្លៃ ការពិនិត្យសុខភាពតាមកាលកំណត់ ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលបុគ្គលិកថ្មី បង្កើតហាងទំនិញ ផ្ទះថែទាំកុមារ (មត្តេយ្យកុមារ) និងបន្ទប់សង្គ្រោះបឋម នៅតាមកសិដ្ឋាននីមួយៗផងដែរ។ ក្រៅពីនេះក៏មានការរៀបចំសកម្មភាពផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីខួបកំណើត ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌ ព្រមទាំងការលេងកីឡាជាដើម។

ក្រោយពីធ្វើទស្សកិច្ចខ្សែច្រវាក់ផលិតផលរបស់ក្រុមហ៊ុន លោកក៏បានឆ្លៀតពេលអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ និងក្មួយៗជាកូនសិស្សប្រកបដោយភាពស្និទ្ធស្នាលផងដែរ ដោយឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ធ្វើការងារនៅទីនេះ បងប្អូនកម្មករមិនមានកង្វល់ពីការខ្វះកន្លែងស្នាក់នៅ បញ្ហាសេវាសុខភាព និងសេវាអប់រំនោះទេ។

ឆ្លើយតបនឹងសំណូមពររបស់ក្រុមហ៊ុនពីកង្វះកម្លាំងពលកម្ម លោក ហេង សួរ បានណែនាំឱ្យបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្មករតាមរយៈវេទិកាការងារ ជាពិសេសផ្តោតលើខេត្តត្បូងឃ្មុំ ដោយរំលេចពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនដូចគ្នានឹងការងារនៅតាមរោងចក្រ សហគ្រាសផងដែរ។ ចំណែកឯការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញបន្ថែម គឺគួរធ្វើឡើងតាមរយៈកម្មវិធី TVET ១,៥លាននាក់ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន និងមន្ទីរការងារខេត្ត ដោយបញ្ជូនគ្រូមកបណ្តុះបណ្តាលនៅសាលាឯក្រុមហ៊ុនដោយផ្ទាល់ ហើយក្រសួងក៏នឹងពិចារណាចេញវិញ្ញាបនបត្រកម្រិត C1 C2 និង C3។ លោកក៏បានជំរុញឱ្យមានការអនុវត្តគំរូ ការសិក្សាផ្អែកលើការងារ (WBL) នៅក្នុងក្រុមហ៊ុន ហើយបេឡាជាតិសន្តិសុខសង្គម និងអគ្គនាយកដ្ឋានការងារ ក៏គួរតែចុះដោយផ្ទាល់ធ្វើបណ្ណ ប.ស.ស. និងចេញសៀវភៅការងារ ដើម្បីសម្រួលដល់បងប្អូនកម្មករនិយោជិតផងដែរ។

ក្រុមហ៊ុន THACO AGRI បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រវិនិយោគដោយផ្អែកលើគោលការណ៍សរីរាង្គ និងមេត្រីភាពបរិស្ថានក្នុងទ្រង់ទ្រាយធំផ្នែកកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ ដំណាំហូបផ្លែ ជាពិសេសផ្លែចេក) សាងសង់រោងចក្រកែច្នៃ និងចិញ្ចឹមសត្វ កាលពីឆ្នាំ ២០១៩ លើផ្ទៃដីអាជីវកម្មជាង ៩ ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលក្នុងនោះ នៅកម្ពុជាមានផ្ទៃដីចំនួន ៤៣ ៧៦៤ហិកតា រួមមាន៖ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិកតា និងស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរីចំនួន ៣៣ ០៥៦ហិកតា។ ក្រុមហ៊ុននាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិទៅកាន់ប្រទេស ជប៉ុន ចិន និងហុងកុងជាដើម ជាមួយនឹងទស្សនវិស័យក្លាយជាក្រុមហ៊ុនកសិកម្មឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៧ ដោយពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េ តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល៕

To Top