ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានណែនាំឱ្យគ្រប់ភាគីត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារ ឱ្យបានសមស្រប និងទាន់ពេលវេលា។

តាមរយៈសារលិខិត រ ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកិច្ចការពារកុមារ ជាមួយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។

សម្ដេចធិបតី បន្ដថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវ ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញការអនុវត្តផែនការ សកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវ សហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមចំពោះអំពើហិង្សាលើកុមារ តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារឱ្យបានសមស្របនិងទាន់ពេលវេលា»។ 

សម្ដេច នាយករដ្ឋមន្ដ្រី បានបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងបរទេស ត្រូវយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារ និងមានការចូលរួមមតិយោបល់ពីកុមារ រាល់ពេលកសាងច្បាប់ គោលនយោបាយ ឯកសារបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅតម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់កុមារ៕

To Top