ព័ត៌មានជាតិ

ការអនុវត្ត និងសុវត្ថភាព ចំណីអាហារនៅវិទ្យាល័យ ហ៊ុន សែន កែវសីមា រងការរិះគន់

មណ្ឌលគិរីៈ មាតាបិតាសិស្សនៃវិទ្យាល័យហ៊ុនសែនកែវសីមា សម្តែងការរិះគន់ ដល់ថ្នាក់ដឹកនាំនៃវិទ្យាល័យ ដែលបណ្តែតបណ្តោយ អោយមានការលក់ដូរចំណីអាហារ ហាមឃាត់នៅក្នុងបរិវេណសាលា និងធ្វើអោយប៉ះពាល់សុខភាពសិស្ស ដែលទិញអាហារ ភេសជ្ជៈទាំងនោះ។

ការធានាសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន គឺជាកត្តាសំខាន់មួយសម្រាប់ការពារសុខភាពសិស្សានុសិស្ស ជាពិសេសនៅក្នុងស្ថាប័នអប់រំរដ្ឋ ដែលមានសិស្សរាប់រយនាក់ ចូលរៀនជារៀងរាល់ថ្ងៃ។

ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ តែងបានណែនាំឱ្យមានការ ត្រួតពិនិត្យគុណភាព និងអនាម័យចំណីអាហារ ដែលដាក់លក់ក្នុងបរិវេណសាលារៀន ដើម្បីបង្ការហានិភ័យប៉ះពាល់ដល់សុខភាពសិស្ស ។

ទោះជាយ៉ាងណា ប្រភពព័ត៌មានមួយចំនួន បានលើកឡើងថា នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កែវសីមា ការអនុវត្តវិធានការ សុវត្ថិភាពចំណីអាហារ ហាក់មិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយ ។ ជាក់ស្តែង ការលក់ដូរចំណីអាហារមួយចំនួននៅក្នុងសាលា ត្រូវបានគេអះអាងថា ភាគច្រើនជាក្រុមគ្រួសារ ឬសាច់ញាតិរបស់ថ្នាក់ដឹកនាំ និងគ្រូបង្រៀនមួយចំនួន ដែលធ្វើឱ្យមានការលើកឡើងពីតម្លាភាព និងប្រសិទ្ធភាព នៃការត្រួតពិនិត្យគុណភាពចំណីអាហារ។

អាណាព្យាបាលសិស្សមួយចំនួនបានសម្តែងការព្រួយបារម្ភថា ប្រសិនបើគ្មានការត្រួតពិនិត្យ ជាប្រចាំពីមន្ត្រីជំនាញ នោះអាចបណ្តាល ឱ្យមានការលក់ចំណីអាហារ ដែលមិនបានបំពេញស្តង់ដារអនាម័យ ឬប្រើប្រាស់វត្ថុធាតុដើម ដែលមិនមានប្រភពច្បាស់លាស់។ បញ្ហានេះអាចប៉ះពាល់ដោយផ្ទាល់ ដល់សុខភាពសិស្ស ដែលជាអ្នកបរិភោគសំខាន់បំផុត។

លោកអ៊ន អ៊ែល នាយកវិទ្យាល័យហ៊ុនសែនកែវសីមា មិនបានឆ្លើយតបទេ នៅថ្ងៃទី១មិថុនានេះ ។ ចំណែក លោកប្រយ សុធី ប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកកែវសីមា ថានិងចុះត្រួតពិនិត្យបន្ទាន់លើករណីនេះ ។ ក្នុងនោះលោកសាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ក្រោយទទួលដំណឹង ក៏មិននៅស្ងៀមដែរ ថានិងចុះពិនិត្យជាបន្ទាន់ផងដែរ ។

ឆ្នាំកន្លងទៅអំលុង ខែមិថុនា  ឆ្នាំ២០២៥ លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ប្រជុំបច្ចេកទេស នៅកម្រងអូរអាម ។ បន្ទាប់មកលោកក៏បានចុះពិនិត្យមើលការបង្រៀន និងរៀន ព្រមទាំងចុះត្រួតពិនិត្យណែនាំការលក់ដូរ នំចំណីអាហារ ភេសជ្ជៈផ្អែមតាមតូប នៅក្នុងសាលារៀន អនុវិទ្យាល័យឆ្នែង និងវិទ្យាល័យហ៊ុនសែនកែវសីមាផងដែរ ប៉ុន្តែនៅតែមានការលក់ដូរ ដោយសេរីក្នុងបរិវេណនោះដដែល ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top