“ពិធីភ្ជាប់ពាក្យ” របស់ខ្មែរ គ្មានកិច្ចសំពះផ្ទឹមចងដៃទេ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានរួមគ្នាបញ្ជាក់យ៉ាងច្បាស់ថា ក្នុង“ពិធីភ្ជាប់ពាក្យ” របស់ខ្មែរពីជំនាន់ដើម គ្មានកិច្ចសំពះផ្ទឹមចងដៃ នៅក្នុងថ្ងៃស្តីដណ្តឹង ភ្ជាប់ពាក្យនោះទេ ។
សេចក្តីអំពាវនាវ របស់ក្រសួងពាក់ព័ន្ធទាំងពីរ នៅថ្ងៃទី១ មិថុនានេះបានឱ្យដឹងថា នាពេលកន្លងមក ប្រជាជនកម្ពុជាមួយចំនួនបានប្រារព្ធ “ពិធីភ្ជាប់ពាក្យ” កូនចៅ ដោយបញ្ចូលកិច្ចសំពះផ្ទឹមចងដៃ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការ ។ ប៉ុន្តែការរៀបចំពិធីបែបនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណទេ ព្រោះថា កិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ ។ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ ក្នុងពិធីមង្គលការនោះដែរ។
ក្រសួងវប្បធម៌ និងក្រសួងធម្មការបញ្ជាក់ថា ទម្រង់ដើមនៃអាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីបង្កប់ទៅដោយទស្សនវិជ្ជាអប់រំ សីលធម៌ និងគុណតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តម ជាពិសេសការផ្តល់តម្លៃដល់ស្ត្រីជាធំ។ ទម្រង់នៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវ និងមានលំដាប់លំដោយច្បាស់លាស់ ដោយបែងចែកដាច់ពីគ្នារវាង “ពិធីភ្ជាប់ពាក្យ” និង “ពិធីមង្គលការ” ។
អត្ថន័យពិធីភ្ជាប់ពាក្យ (ឬស្តីដណ្តឹង)៖ គឺជាដំណាក់កាលដំបូង នៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាង ទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឱ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខ ។ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់ បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុបញ្ចាំចិត្ត(បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ។ ឯសាមីខ្លួនប្រុសស្រី មិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។
ខ្លឹមសារកិច្ចសំពះផ្ទឹមនិងចងដៃ៖ គឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួន ប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឱ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណី តរៀងទៅ។
លិខិតបញ្ជាក់ទៀតថា ប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ ហើយការអនុវត្តរបស់ប្រជាជនមួយចំនួនកន្លងមក មិនស្របតាមលំអានក្បួនប្រពៃណី ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដើម នៃពិធីមង្គលការខ្មែរ។ ដោយគ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្តីដណ្តឹងភ្ជាប់ពាក្យនោះទេ ។
ក្រសួងវប្បធម៌ និងក្រសួងធម្មការ អំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធី អាពាហ៍ពិពាហ៍ទៅតាមលំអានក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ឱ្យត្រូវទៅតាមប្រភេទពិធី៕
