ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រកាសតាំងស៊ប់ ក្នុងក្របខណ្ឌ នគរបាលជាតិ និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ចំនួន១៣៦រូប នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះ លោកបានផ្ញើសារ ទៅមន្រ្តីទើបឡើងថ្មី ទាំងអស់ថា ត្រូវយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ កុំច្រង៉េងច្រង៉ាង ដោយចាំថា នគរបាលជាអ្នកបម្រើពលរដ្ឋ ។ នេះបើយោងតាមការចេញផ្សាយ របស់បណ្តាញសង្គមស្នងការខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានឡើងមាន ប្រសាសន៍ផ្តាំផ្ញើ ដល់មន្ត្រីនគរបាលទើបតាំងស៊ប់ ពេលចុះទៅបំពេញការងារ នៅប៉ុស្តិ៍រដ្ឋបាល ត្រូវគោរពវិន័យ កងកម្លាំងនគរបាលជាតិ ខិតខំរួមគ្នាបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីអនុវត្តគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធខ្ពស់ ។
លោកថា “ពេលចុះបំពេញការងារត្រូវមានភាពទន់ភ្លន់ តែមិនទន់ជ្រាយ មិនត្រូវច្រង៉េងច្រង៉ាង ដាក់បងប្អូនប្រជាពលរដ្ឋ ត្រូវទុកប្រជាពលរដ្ឋជាម្ចាស់ ហើយខ្លួន យើងជានគរបាល ជាអ្នកបម្រើពួកគាត់” ៕ ដោយ ស សំណាង