ភ្នំពេញ ៖ លោកអ៊ិន ឆៃវាន ប្រធានសមាគម ស្វាយកម្ពុជា បានឲ្យដឹងថា ការបើកទីផ្សារស្វាយ ទៅកាន់ប្រទេសចិន បានផ្ដល់នូវក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ ដល់ប្រជាកសិករកម្ពុជា រាប់ម៉ឺននាក់ ដែលផ្ញើជីវិត លើដំណាំស្វាយ តាមរយៈផ្លាស់ប្តូរពិធីសារ រវាងកម្ពុជា-ចិន ។
សូមរំលឹកថា កាលពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្មបានចុះពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូត គាមអនាម័យ សម្រាប់ការនាំចេញ ផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់ សាធារណរដ្ឋប្រទេសចិន» ដែលប្រារព្ធធ្វើឡើង រវាងលោក Wang Wentain ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមាណិតចិន ប្រចាំកម្ពុជា និងលោក វេង សាខុន រដ្ឋន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ិន ឆៃវានបាន ថ្លែងអំណរគុណ ដល់សម្តេចតេជោហ៊ុន សែន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការរុករក និង បើកទីផ្សារស្វាយ ។
លោកបន្តថា “ការបើកទីផ្សារស្វាយនាពេលនេះ បានផ្តល់នូវក្តីសង្ឃឹម និងអនាគតភ្លឺស្វាងត្រចះត្រចង់ ដល់ប្រជាកសិកររាប់ម៉ឺននាក់ដែលផ្ញើជីវិតលើដំណាំស្វាយ តាមរយៈផ្លាស់ប្តូរពិធីសាររវាងកម្ពុជា និងចិន”។
លោកបន្តថា នេះជាជោគជ័យមួយដ៏សែនធំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុន សែន ក្នុងការអភិវឌ្ឍន៍ទឹកដីខ្មែរ ដ៏សែនកំសត់នេះ ហើយដែល ពុំដែលមានក្នុងអតីតកាល ។
លោកឲ្យដឹងទៀតថា ការសហការគ្នារវាងកម្ពុជា និងចិន ដោយតម្រូវឲ្យកម្ពុជា នាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន នាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺកូវីដ១៩ ឱ្យមានកំណើនប្រសើរឡើងវិញ ក្នុងពេលឆាប់ៗ។
លើសពីនេះទៀត ប្រធានសមាគមស្វាយបន្ថែមថា ការបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជា ហូរចូលទីផ្សារចិន ពិតណាស់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ១៩ ឱ្យមានកំណើនប្រសើរឡើងវិញ។
ក្នុងឱកាសនោះលោកសង្ឃឹម និងជឿជាក់ថា តាមរយៈពិធីសារនាពេលថ្មីៗនេះវិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករ ដែលជាម្ចាស់ចំការ នឹងចាប់យកកាលានុវត្តភាព ស្របតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថា ពិធីសារលើការនាំចេញផលិតផល កសិកម្មផ្សេងៗទៀត នឹងកើតមានឡើង ជាបន្តបន្ទាប់ផងដែរ។
លោកប្ដេជ្ញាថា នឹងចូលរួមចំណែក និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តតាមលក្ខខណ្ឌតម្រូវ ក្នុងពិធីសារខាងលើប្រកបដោយប្រសិទ្ធភាព។
ចំណែកលោក រស់ ចន្ត្រាបុត្រដែលជាអ្នកដាំស្វាយមួយរូបដែរនោះ ក៏បានសម្ដែងនូវអំណរអរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុនសែន ឥតឧបមាចំពោះការខំប្រឹងប្រែង អស់កម្លាំងចិត្តកម្លាំងកាយរបស់សម្តេច ក្នុងការរុករក និង បើកទីផ្សារស្វាយ ផ្តល់នូវក្តី សង្ឃឹម និងអនាគតភ្លឺស្វាងត្រចះត្រចង់ ដល់ប្រជាកសិកររាប់ម៉ឺននាក់ដែលផ្ញើ ជីវិតលើដំណាំស្វាយ។
លោកបន្តថា ដែលនេះជាជោគជ័យមួយ ដ៏សែនធំរបស់សម្តេចក្នុងការអភិវឌ្ឍន៍ ទឹកដីខ្មែរដ៏សែនកំសត់នេះ ហើយដែល ពុំដែលមានក្នុងអតីតកាល។
លោកមានជំនឿថា នយោបាយដ៏ឆ្លៀសវៃ របស់សម្តេច នឹងផ្តល់នូវកិត្តិយស កិត្តិនាម សម្បូរសប្បាយរីកចំរើនគ្រប់ វិស័យ ដែលខ្មែរពុំដែលបានស្គាល់ទេ ក្នុងរយៈពេល៤០០ឆ្នាំក្រោយនេះ ។
សូមបញ្ជាក់ថា កម្ពុជានឹងនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសចិន ៥០ម៉ឺន តោន ជារៀងរាល់ឆ្នាំ ៕ ដោយ៖ធី លីថូ