ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
ភ្នំពេញ៖ ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍ពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រជាមួយថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ផ្នែករាជធានី ខេត្ត បញ្ជាក់ថា៖ «យើងខ្ញុំជាថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីកសាងសន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ»។

ការប្រកាសគាំទ្រនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីផ្ញើសេចក្តីថ្លែងការណ៍ពិសេស ជូនជនរួមជាតិកម្ពុជា ស្តីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ” ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពី អនុស្សរណៈ នៃការយោគយល់គ្នារវាង កម្ពុជា-ថៃ (MOU2001) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា នៅក្នុងឈូងសមុទ្រថៃ (ដែលភាគីថៃហៅកាត់ថា MOU44)។
តាមរយៈញត្តិគាំទ្រផ្នែករាជធានី ខេត្ត បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2001)នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយព្រំដែនសមុទ្រ និង តំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។
ញត្តិគាំទ្ររបស់ផ្នែករាជធានី ខេត្តបញ្ជាក់ថា៖ «ការចូលជាធរមាននៃអនុស្សរណៈ នៃការយោគយល់គ្នានេះបានសបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈរវាងរដ្ឋទាំងពីរ។ ប៉ុន្តែ ការណ៍ដែលភាគីថៃសម្រេចដកខ្លួនចេញដោយឯកតោភាគីពី អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជា ការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់»។
ប្រភពដដែលបន្ថែមថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាការដោះស្រាយដោយសន្តិវិធីផ្អែកលើ មូលដ្ឋានច្បាប់អន្តរជាតិ និងសុច្ឆន្ទៈពិតប្រាកដដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃអាចរស់នៅ ជាមួយគ្នាដោយសន្តិភាព និងសេចក្តីសុខយូរអង្វែង៕
