ក្រសួងការងារប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមញត្តិគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរយៈញត្តិគាំទ្រក្រសួងការងារបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្ត មិនងាករេក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីកសាងសន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ»។
ការប្រកាសគាំទ្រនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ផ្ញើសេចក្តីថ្លែងការណ៍ពិសេសជូនជនរួមជាតិកម្ពុជា ស្តីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ” ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2០០1) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ (ដែលភាគីថៃហៅកាត់ថា MOU44)។
តាមរយៈញត្តិគាំទ្រក្រសួងការងារបានឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2001) នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខណ្ឌ ទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយព្រំដែនសមុទ្រ និងតំបន់ទាមទារ ដែនសមុទ្រត្រួតស៊ីគ្នាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។
ញត្តិគាំទ្រក្រសួងការងារបញ្ជាក់ថា៖«ការចូលជាធរមាននៃអនុស្សរណៈនៃការ យោគយល់គ្នានេះបានសបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈរវាងរដ្ឋទាំងពីរ។ ប៉ុន្ត ការណ៍ដែលភាគីថៃសម្រេចដកខ្លួនចេញដោយឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់»។
ប្រភពដដែលន្ថែមថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាការដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់អន្តរជាតិ និងសុច្ឆន្ទៈពិតប្រាកដដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនអាចរស់នៅជាមួយគា្នដោយសន្តិភាព និងសេចក្តីសុខយូរអង្វែង៕
