បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ ប្រកាសគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមញត្តិគាំទ្ររបស់បេឡាជាតិ សន្តិសុខសង្គម។
តាមរយៈញត្តិគាំទ្រនោះបានបញ្ជាក់ថា៖ «យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្ដេជ្ញាចិត្ត មិនងាករេ ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីកសាងសន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាព ជាអ្នកជិតខាងល្អ»។
ការប្រកាសគាំទ្រនេះ ធ្វើឡើងនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ផ្ញើសេចក្តីថ្លែងការណ៍ ពិសេសជូនជនរួមជាតិកម្ពុជា ស្តីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ” ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2០០1) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ (ដែលភាគីថៃហៅកាត់ថា MOU44)។
តាមរយៈញត្តិគាំទ្របេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU2001) នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខណ្ឌ ទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយព្រំដែនសមុទ្រ និងតំបន់ទាមទារ ដែនសមុទ្រត្រួតស៊ីគ្នាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកហើយ។
ញត្តិគាំទ្របេឡាជាតិសន្តិសុខសង្គមបញ្ជាក់ថា៖ «ការចូលជាធរមាននៃអនុស្សរណៈនៃការ យោគយល់គ្នានេះបានសបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈរវាងរដ្ឋទាំងពីរ។ ប៉ុន្តការណ៍ដែលភាគីថៃសម្រេចដកខ្លួនចេញដោយឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់»។
ប្រភពដដែលបន្ថែមថា ការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សា ដោយបង្ខំក្រោម អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាការដោះស្រាយ ដោយសន្តិវិធីផ្អែក លើមូលដ្ឋាន ច្បាប់អន្តរជាតិ និងសុច្ឆន្ទៈពិតប្រាកដដែលនឹង អនុញ្ញាតឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃ អាចរស់នៅជាមួយគ្ន ដោយសន្តិភាព និងសេចក្តីសុខយូរអង្វែង៕

