កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់ ជិតដល់ហើយ ទីក្រុងតេអេរ៉ង់ យល់ព្រមលើកិច្ចចរចានុយក្លេអ៊ែរ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ជិតដល់ហើយ ហើយអ៊ីរ៉ង់ បានយល់ព្រមចរចាទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Rubio បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលសវនាការនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក។
លោកបានលើកឡើងថា “ឥឡូវនេះយើងកំពុងចរចា”។ “មានទស្សនវិស័យនៅចំពោះមុខយើង ដែលអាចកើតឡើងនៅថ្ងៃនេះ វាអាចកើតឡើងនៅថ្ងៃស្អែក វាអាចកើតឡើងនៅសប្តាហ៍ក្រោយ ដែលជាលើកដំបូង ជាក់ស្តែងនៅក្នុងការចងចាំរបស់ខ្ញុំ ពួកគេបានយល់ព្រមចរចាលើទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ”។
លោកបានបន្ដថា កិច្ចព្រមព្រៀងសន្តិភាពជាដំណាក់កាលដំបូងនៃកិច្ចពិភាក្សាអាចឈានដល់ក្នុងពេលឆាប់ៗនេះ ដែលនឹងរួមបញ្ចូលការបើកច្រកសមុទ្រហ័រមូស ឡើងវិញដោយមិនដាក់ពន្ធ ការដកមីនកងទ័ពជើងទឹក និងការបញ្ឈប់ការវាយប្រហារលើនាវា។ លោកបានបញ្ជាក់ម្តងទៀតនូវជំហររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាអ៊ីរ៉ង់នឹងមិនទទួលបានការបន្ធូរបន្ថយទណ្ឌកម្មជាថ្នូរនឹងការបើកច្រកសមុទ្រឡើងវិញនោះទេ។
លោក Rubio បានបន្ថែមថា ដំណាក់កាលទីពីរនឹងតម្រូវឱ្យអ៊ីរ៉ង់ប្តេជ្ញាចិត្តក្នុងការបោះចោលស្តុកអ៊ុយរ៉ាញ៉ូមដែលសម្បូរទៅដោយសារធាតុអ៊ុយរ៉ាញ៉ូមខ្ពស់របស់ខ្លួន និងចរចាលើ “ការកំណត់ធ្ងន់ធ្ងរ និងរយៈពេលវែង ឬលុបចោលសកម្មភាពចម្រាញ់” ដោយទទួលស្គាល់ថាវាអាចចំណាយពេលច្រើនខែ។
ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក Rubio ហាក់ដូចជាផ្ទុយពីរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលបង្ហាញថាការចរចានៅតែជាប់គាំង។ របាយការណ៍មួយរបស់ The Guardian កាលពីថ្ងៃអង្គារបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានប្រកាសថា ខ្លួនកំពុងផ្អាកការចរចាសន្តិភាព និងកំពុងឈានទៅរកការបិទច្រកសមុទ្រហ័រមូសទាំងស្រុង៕
ប្រែសម្រួល ឈូក បូរ៉ា
