ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តបំផុសស្មារតីអប់រំកុមារ ឱ្យយល់ដឹង ពីតម្លៃនៃការសិក្សា ព្រោះកុមារប្រៀបដូច «ក្រដាសសមួយសន្លឹក»

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាទាំងអស់ បន្តបំផុសស្មារតីអប់រំកុមារ ពីវ័យក្មេង ឱ្យយល់ដឹងពីតម្លៃនៃការសិក្សា ព្រោះកុមារប្រៀបដូចជា «ក្រដាសសមួយសន្លឹក» ងាយនឹងទទួលយកការ បណ្តុះបណ្តាល និងការអប់រំ។

ការលើកទឹកចិត្តរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ និងខ្លោងទ្វារវត្តព្រះវិហារគុហ៍ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការតម្រង់ទិស និងការផ្តល់ចំណេះដឹង ជាមូលដ្ឋានគ្រឹះល្អៗ ចាប់ពីវ័យតូច គឺជារឿងចាំបាច់បំផុតដើម្បីពត់លម្អអត្តចរិត បណ្តុះសីលធម៌ និងត្រៀមលក្ខណៈសម្បត្តិឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិនៅពេលអនាគត។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីតាមដានការសិក្សា និងការរស់នៅរបស់កុមារឱ្យបានជាប់លាប់ និងបានលើកទឹកចិត្តឱ្យបង្កើនការយកចិត្តទុកដាក់លើសុខភាព អនាម័យ និងសីលធម៌នៃការរស់នៅរបស់សិស្សានុសិស្ស ដោយត្រូវចាត់ទុកថា សាលារៀនគឺជាផ្ទះទីពីរ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងគុណធម៌ដ៏ប្រពៃ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់ការ សិក្សារបស់កូនចៅជំនាន់ក្រោយៗទៀត ឱ្យទទួលបាននូវការអប់រំ ប្រកបដោយគុណភាព និងបរិយាកាសសិក្សាដ៏ល្អប្រសើរ៕

To Top