Feature

តំណាង UN គាំទ្រកម្ពុជា លើការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ភ្នំពេញ ៖ លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(UN) ប្រចាំនៅកម្ពុជាគាំទ្រយន្តការកម្ពុជាលើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ។

ការបង្ហាញការគាំទ្ររបស់លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា ក្នុងឱកាសសម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបលោកស្រី អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងស្ថានភាពទំនាស់ព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើច្បាប់សមុទ្រ ក៏ដូចជាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ 

សម្តេចបានសង្កត់ធ្ងន់លើជំហរដ៏រឹងមាំ និងមិនកែប្រែរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញាពាក់ព័ន្ធ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

ចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ដោយលោកស្រីបានសង្កត់ធ្ងន់ និងសម្តែងការជឿជាក់ក្នុងនាមស្ថាប័នអង្គការសហប្រជាជាតិថា ប្រទេសជិតខាងទាំងពីរ កម្ពុជានិងថៃ នឹងដោះស្រាយការខ្វែងគំនិតគ្នានេះដោយសន្តិវិធី ស្របតាមស្មារតីនៃធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជននៃប្រទេសទាំងពីរផងដែរ៕

To Top