តំណាងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើងចុះបិទទ្វារទឹកជាផ្លូវការដោយជោគជ័យនៅគម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់
ពោធិ៍សាត់៖ វិស័យថាមពលបៃតងនៅក្នុងប្រទេសកម្ពុជា បានឈានដល់របត់ដ៏សំខាន់មួយទៀតហើយ ខណៈដែលគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសម្រេចការងារដល់ដំណាក់កាល «បិទទ្វារទឹកជាផ្លូវការ» ដោយជោគជ័យ ដើម្បីត្រៀមខ្លួនសម្រាប់ការផលិតថាមពលនាពេលឆាប់ៗខាងមុខ។ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ មានសមត្ថភាពផលិតអានុភាពអគ្គិសនីបានរហូតដល់ ៨០មេហ្គាវ៉ាត់ ។ ការសម្រេចបាននូវដំណាក់កាលបិទទ្វារទឹកនេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា ការសាងសង់ជិតឈានដល់ទីបញ្ចប់ និងត្រៀមបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋបានយ៉ាងប្រសើរ ។

ពិធីចុចប៉ូតុង បិទទ្វារទឹកជាផ្លូវការ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថាមពល តំណាង លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា , លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ , លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ព្រមទាំងប្រតិភូពាក់ព័ន្ធជាច្រើនរូបទៀត៕





ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល
