DAP News
Feature

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម ផ្តួចផ្តើមបង្កើតឱ្យមានម៉ាកសម្គាល់ ការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់

កំពង់ចាម ៖ លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទេ៥ ខែមិថុនា ឆ្នាំ ២០២៦ នេះបានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព ទុរេនបែកអន្លូង និងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ ។

វិធីសន្និបាតនេះធ្វើឡើងក្នុងបរិវេណដីសហគមន៍ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ប្រធានមន្ទីរ និងអាជ្ញាធរស្រុកស្ទឹងត្រង់ រួមសមាជិកសហគមន៍ជាង ១០០នាក់ ។

ស្ថិតក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កឹម សុខុន បើមានប្រសាសន៍ថា ខេត្តកំពង់ចាម ជាខេត្តមួយ ដែលមានកសិផល និងផលិតផលសក្តានុពលច្រើនមុខ ក្នុងនោះដំណាំទុរេន ជាដំណាំមួយដែលមានសក្តានុពលរបស់ខេត្ត និងមានការបង្កើនផ្ទៃដីដាំដុះជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះផ្ទៃដីដាំដុះសរុបមានចំនួន១.៨៤៩ហិចតា ផ្ទៃដីប្រមូលផលមានចំនួន១.៣១៩ហិចតា ដែលអាចទទួលបានបរិមាណផលប្រមាណ១២.៧២៤តោនក្នុងមួយឆ្នាំ។ ផ្លែទុរេនអាចប្រមូលផលបាននៅចន្លោះ ពីខែឧសភា រហូត ដល់ខែកក្កដា ដែលទិន្នផលជាមធ្យមរង្វង់ពី ៨ទៅ១០តោនក្នុងមួយហិចតា ក្នុងនោះស្រុកចំនួន២ ដែលមាន សក្តានុពលសម្រាប់ដំណាំទុរេនគឺស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។

លោករដ្ឋលេខាធិការបានបន្តទៀតថា ជាការកត់សម្គាល់ ទុរេនបែកអន្លូង ស្ថិត ក្នុងស្រុកស្ទឹងត្រង់ ត្រូវបានទទួលស្គាល់ និងពេញនិយមពីអ្នកបរិភោគថាមានរសជាតិឆ្ងាញ់ពិសេសប្លែកជាងគេ ព្រមទាំងទទួលបានការគាំទ្រនិងតម្រូវការខ្ពស់លើទីផ្សារជារៀងរាល់ឆ្នាំ។ ដោយសារតែមានការគាំទ្រ និងតម្រូវការលើទីផ្សារខ្ពស់ ជាហេតុធ្វើឱ្យមានការក្លែងបន្លំប្រភពផ្លែទុរេន បែកអន្លូងលក់លើទីផ្សារធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងគុណតម្លៃរបស់ទុរេនបែកអន្លូងយ៉ាងខ្លាំង។ ដូច្នេះដើម្បីរក្សាបានកិត្តិនាម និងគុណតម្លៃទុរេនបែកអន្លូង ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម បានផ្តួចផ្តើមបង្កើតនិងរៀបចំឱ្យមានម៉ាកសញ្ញាមួយជាក់លាក់សម្រាប់កសិផលទុរេនបែកអន្លូងនេះ អាចប្រើប្រាស់ជាផ្លូវការ និងទទួលបានការការពារកម្មសិទ្ធិបញ្ញាពេញលេញ ក្នុងគោលបំណង ពង្រឹង ពង្រីកទាំងគុណភាព និងបរិមាណ ព្រមទាំងរក្សាបាននូវគុណតម្លៃផ្លែទុរេនបែកអន្លូងផងដែរ។

ជាមួយនេះការបង្កើត ឱ្យមានម៉ាកសញ្ញាច្បាស់លាស់ ដើម្បីការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកពាក់ព័ន្ធអាជីវកម្មផ្លែទុរេនក្នុងភូមិសាស្រ្តដែលបានកំណត់ ដើម្បីការពារនូវកិត្តិនាម និងគុណតម្លៃទុរេនបែកអន្លូង តាមរយៈការបង្កើនទំនុកចិត្តលើគុណភាព សុវត្តិភាព ដែលអាចបង្កើនតម្លៃ និងបង្កើនលទ្ធភាព ប្រកួតប្រជែងលើទីផ្សារព្រមទាំង ជំរុញការនាំចេញទៅក្រៅប្រទេសទៀតផង ជាពិសេស ចូលរួមទប់ស្កាត់ការក្លែងបន្លំប្រភពទុរេនបែកអន្លូង។

សូមជម្រាបថា អ្នកពាក់ព័ន្ធនឹងអាជីវកម្មផ្លែទុរេនមានកសិករ អាជីវករ ពាណិជ្ជករ មានសិទ្ធិសុំចូលជា សមាជិក និងអាចប្រើប្រាស់ម៉ាកសមូហភាពទុរេនបែកអន្លូងបាន តែត្រូវគោរពតាមលក្ខខណ្ឌដែលបានកំណត់ មានជាធរមាន។

ទន្ទឹមនេះទុរេនបែកអន្លូងត្រូវបានដាក់លក់ ក្នុងផ្សារទុរេនសហគមន៍ដែលនឹងចាប់ដំណើរការ ពីថ្ងៃទីសៅរ៌ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ចាប់លក់ពីម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៤៖០០នាទីល្ងាច ទីតាំងផ្សារ នៅដីសហគមន៍ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ អាចទំនាក់ទំនងតាមលេខទូរសព្ទ៖ ០៨៥ ៥៥៥៥ ៦២, ០៨៨ ៩៧៩ ៩៧៩១។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top