Feature

ប្រធានាធិបតីគុយបា​ បញ្ជាក់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក​ នឹងធ្វើឱ្យភាពតានតឹងទ្វេភាគីកាន់តែខ្លាំងឡើង

ហាវ៉ាណា៖​ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានឧ្យដឹងថា ទណ្ឌកម្មថ្មីដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន រួមជាមួយនឹងការកត់សម្គាល់ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ នឹងធ្វើឱ្យការបិទផ្លូវប្រឆាំងនឹងប្រទេសគុយបាកាន់តែតឹងរ៉ឹង និងធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែជ្រៅ។

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍​ បានបន្ថែមលោក Diaz-Canel ក៏ដូចជាបុគ្គលមួយចំនួនទៀត និងអង្គភាពចំនួន៥​ រួមទាំងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ទៅក្នុងបញ្ជីឈ្មោះជនជាតិ​ ដែលត្រូវបានកំណត់ជាពិសេសរបស់ខ្លួន។

មុននេះ លោក ត្រាំ បានណែនាំថា សហរដ្ឋអាមេរិក​ អាចងាកមកចាប់អារម្មណ៍លើប្រទេសគុយបាវិញ នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់​ ត្រូវបានបញ្ចប់។

នៅក្នុងការបង្ហោះមួយនៅលើ X លោក Diaz-Canel បានឧ្យដឹងថា ចលនារបស់សហរដ្ឋអាមេរិកគឺ “មានគោលបំណងពង្រឹងវិធានការបិទផ្លូវ និងសេណារីយ៉ូនៃជម្លោះរវាងគុយបា និងសហរដ្ឋអាមេរិក”។

លោកបានបន្ថែមថា «វិធានការបង្ខិតបង្ខំ ដែលបានអនុវត្តក្នុងសប្តាហ៍ថ្មីៗនេះប្រឆាំងនឹងប្រទេសគុយបា ត្រូវបានរចនាឡើង​ ដើម្បីធ្វើបាបប្រជាជនគុយបា ហើយភាពឈ្លានពាន និងភាពវឹកវរ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក​ នឹងប៉ះទង្គិចជាមួយនឹងការប្តេជ្ញាចិត្តរបស់ប្រទេសគុយបា​ ក្នុងការប្រឈមមុខនឹងសេណារីយ៉ូដ៏អាក្រក់បំផុត និងទប់ទល់នឹងការវាយលុករបស់អធិរាជ»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top