នាយឧត្តមសេនីយ៍សៅ សុខា អញ្ជើញជាអធិបតី ពិធីប្រកាសមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរីថ្មី
មណ្ឌលគិរី ៖ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការខេត្តថ្មី ក្រោមអធិបតីភាព របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ អភិបាលខេត្តមណ្ឌលគិរី លោក គង់ គឹមនី បានលើកឡើងពីស្នាដៃការងារ របស់មេបញ្ជាការចាស់ និងបានជំរុញឱ្យមេបញ្ជាការថ្មី បន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកក៏បានអំពាវនាវឱ្យកងកម្លាំងអនុវត្តការងារប្រកបដោយតម្លាភាព និងជៀសវាងសកម្មភាពដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ពលរដ្ឋ។

ដោយឡែក លោកនាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់មេបញ្ជាការថ្មីឱ្យយកចិត្តទុកដាក់លើការកសាងសាមគ្គីភាពផ្ទៃក្នុង និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ លោកបានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថមិនត្រូវពាក់ព័ន្ធ ឬផ្តល់ការគាំទ្រដល់បទល្មើសណាមួយឡើយ ជាពិសេសការបំផ្លាញធនធានធម្មជាតិ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កក្តីបារម្ភដល់សង្គម។
លោកបន្ថែមថា មន្ត្រីកងរាជអាវុធហត្ថដែលរកឃើញថា មានការពាក់ព័ន្ធនឹងបទល្មើស នឹងត្រូវទទួលខុសត្រូវតាមវិន័យកងទ័ព និងច្បាប់ជាធរមាន ដោយគ្មានការលើកលែង។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួស លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដែលត្រូវផ្ទេរទៅបំពេញភារកិច្ចថ្មី ។
ក្រោយទទួលតំណែងថ្មី លោក ទាវ ចាន់តារា បានប្តេជ្ញាថា នឹងគោរពតាមបទបញ្ជាថ្នាក់លើ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងអង្គភាព ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងការពារស្ថិរភាពសង្គមឱ្យបានល្អប្រសើរ ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល







