Feature

ក្រសួងអប់រំ នឹងផ្អាកការសិក្សា ទៅលើសិស្សមួយក្រុម ដែលវាយទាត់ធាក់សិស្សម្នាក់ទៀត បើសិនពួកគេបង្កហិង្សាទៀត

ភ្នំពេញ ៖ ក្រសួងអប់រំប្រកាសថា ចំពោះបាតុភាពអសកម្ម របស់សិស្សមួយក្រុម នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រាជធានីភ្នំពេញ ដែលនាំគ្នាវាយទាត់ធាក់ លើសិស្សម្នាក់ទៀតនោះ បើនៅតែបន្តសកម្មហិង្សាទៀត នឹងផ្អាកការសិក្សាបណ្តោះអាសន្ន និងប្តូរទៅសាលាផ្សេង។

យោងតាមវិធានការ របស់ក្រសួងអប់រំ នៅរសៀលថ្ងៃទី៥ មិថុនានេះបានឱ្យដឹងថា នៅព្រឹកថ្ងៃ៥ មិថុនា មានសិស្សមួយក្រុមបាន ព្រួតវាយទៅលើសិស្សម្នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយ សិស្សចំនួន ៦នាក់។ ករណីនេះ ក្រសួងសម្រេចចាត់វិធានការ វិន័យដល់ក្រុមសិស្សបង្កហេតុ ដោយធ្វើការអប់រំ ណែនាំផ្ទាល់ និង ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពហិង្សា ដោយមានការដឹងឮ និងចុះហត្ថលេខា ពីឪពុកម្តាយ ឬអាណាព្យាបាលសិស្ស។

ជាមួយគ្នានេះ នាយកវិទ្យាល័យត្រូវវិធានការលើសិស្សបង្កហេតុ ទាំង ៦នាក់ ដោយកំណត់ឱ្យធ្វើពលកម្មសាលារៀន ឬ ការងារបម្រើផលប្រយោជន៍ សាធារណៈក្នុងសាលា ក្នុងរយៈពេល១ខែ ដោយមិនទាន់គិតពីវិធានការ ផ្លូវច្បាប់ផ្សេងទៀត ដែលអនុវត្តដោយអាជ្ញាធរមាន សមត្ថកិច្ចឡើយ។

ក្រសួងបញ្ជាក់ថា “ករណីមិនរាងចាល ក្រសួងនឹងផ្អាក ការសិក្សាបណ្តោះអាសន្ន ក្នុងរយៈពេល ១ ឬ២សប្តាហ៍ ឬប្តូរថ្នាក់ ឬប្តូរសាលារៀនទៅសាលាផ្សេង” ។
ទន្ទឹមនឹងនេះ ក្រសួងស្នើដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាលសិស្សបង្កហេតុ និងអ្នកអាណាព្យាបាលសិស្សរងគ្រោះ បង្កើនការតាមដាន និងអប់រំកូនចៅបន្ថែមនៅផ្ទះ ទាំងផ្នែកអាកប្បកិរិយា ការសេពគប់មិត្តភក្តិ និងការប្រើ ប្រាស់បណ្តាញសង្គម ឱ្យបានជិតដិតជាងមុន និងត្រូវរាយការណ៍មកសាលាជាប្រចាំ ៕

To Top