Feature

វេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្របសម្រួលជំនួបពង្រឹងកិច្ចសហការរវាងមូលនិធិចិន និងបណ្តាញសង្គមស៊ីវិល

ខេត្តព្រះសីហនុ៖ រសៀល ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ ក្រោមកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំនួបពិភាក្សារវាងមូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា និងប្រធានបណ្តាញសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដើម្បីផ្លាស់ប្តូរយោបល់ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍសហគមន៍។

លោក សុខ សុខុម ប្រធានបណ្តាញសង្គមស៊ីវិលប្រចាំខេត្តព្រះសីហនុ បានជម្រាបជូនអំពីស្ថានភាពសង្គម សេដ្ឋកិច្ច និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសលើវិស័យអប់រំ សុខាភិបាល បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកប្រធានបណ្តាញក៏បានលើកឡើងពីសកម្មភាព និងសមិទ្ធផលដែលអង្គការសង្គមស៊ីវិលនានាក្នុងខេត្តព្រះសីហនុបានអនុវត្តកន្លងមក ព្រមទាំងបានចែករំលែកនូវបញ្ហាប្រឈម និងអាទិភាពនានាដែលត្រូវការការគាំទ្របន្ថែម។

លោកស្រី Wang Yahui  ប្រធាន ការិយាល័យ មូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការងាររបស់បណ្តាញសង្គមស៊ីវិលនៅមូលដ្ឋាន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ភាគីទាំអស់ក៏បានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំគម្រោងសហការនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន។

ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុម ប្រឹក្សា ភិបាល វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល លោក សួង ហួត អនុប្រធាន នាយកដ្ឋាន ទំនាក់ទំនង សាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃថា ជំនួបនារសៀលនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ និងស្មារតីសហការរវាងមូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា និងបណ្តាញសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការអនុវត្តសកម្មភាពរួមនានានាពេលខាងមុខ សំដៅលើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

To Top