លោកស្រី តោ ពិឡា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការធំ «ផលិតផលជាតិ Made in Cambodia» ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ និងពង្រីកទីផ្សារ SMEs
កំពង់ស្ពឺ: លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជាវ វិជ្ជាក់ អភិបាលរង នៃខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធ «យុទ្ធនាការផលិតផលជាតិ Made in Cambodia» ដើម្បីជំរុញ គាំទ្រសហគ្រាសធុនតូច និង មធ្យម SMEs សិប្បកម្ម និងអ្នកកែច្នៃក្នុងស្រុក កាលពីរសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៦។
មានឱកាសបង្ហាញសក្តានុពលផលិតផល របស់ខ្លួនបញ្ជ្រាបចូលក្នុងទីផ្សារ ពិធីប្រារព្ធធ្វើនៅបរិវេណសួន សម្តេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ ម្ចាស់ផ្សារទំនើប ម៉ាត មីនីម៉ាត និងសិប្បកម្មផលិត និងកែច្នៃក្នុងស្រុកសហគ្រាសធុនមីក្រូ តូចនិងមធ្យម ជាច្រើន។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត បានសម្តែង នូវការគាំទ្រយ៉ាងពេញទំហឹង និងវាយតម្លៃខ្ពស់ចំពោះមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ដែលបានរៀបចំយុទ្ធនាការ ផលិតផលជាតិ “Made in Cambodia នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏ មានសារៈសំខាន់បំផុត ក្នុងការបើកឱកាសមាសដល់បងប្អូនអាជីវករ ផលិតករ ក៏ដូចជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាទូទាំងប្រទេស ក្នុងការនាំយកផលិតផលស្នាដៃកូនខ្មែរមកបង្ហាញពីសក្តានុពល ដើម្បីប្រកួតប្រជែង និងបោះជំហានចូលទៅក្នុងទីផ្សារទំនើបៗ ។

លោកបន្តទៀតថា ខេត្តកំពង់ស្ពឺមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យបានកាន់តែច្រើន ព្រោះការគាំទ្ររបស់អស់លោកស្រី គឺជាការជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់សហគមន៍ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ពីជំហរ របស់ក្រសួងពាណិជ្ជកម្មយ៉ាងដូច្នេះថា ក្រសួងពាណិជ្ជកម្ម តែងតែចាត់ទុកសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់មិនអាចខ្វះបាន។ យុទ្ធនាការនេះ មិនត្រឹមតែជាការបង្កើតទីផ្សារបណ្តោះអាសន្ននោះទេ ប៉ុន្តែវាគឺជាការបើកទំព័រថ្មីមួយក្នុងការលើកកម្ពស់ខ្សែច្រវាក់តម្លៃផលិតផលខ្មែរ ចាប់តាំងពីការផលិត ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការនាំយកទៅដាក់លក់នៅលើទីផ្សារស្តង់ដារ ។
យុទ្ធនាការលើកកម្ពស់ផលិតផលជាតិនេះ ចាំបាច់ត្រូវមានការចូលរួមពីសហគ្រាសធុនមីក្រូ តូចនិងមធ្យម ដែលជា សិប្បកម្មផលិតនិងកែច្នៃក្នុងស្រុករួមជាមួយបណ្តាទីផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបត្តិការក្នុងស្រុកដែល ជាតួអង្គសំខាន់ក្នុងការរួមចំណែកជំរុញការប្រើប្រាស់ និងផ្សព្វផ្សាយផលិតផលខ្មែរ និងផ្សារភ្ជាប់ទីផ្សារក្រោមការ សម្របសម្រួលដោយក្រសួងពាណិជ្ជកម្មនិងនៅថ្នាក់ក្រោមជាតិ។

លោកស្រី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្តទៀតថា យុទ្ធនាការផលិតផលជាតិ Made In Cambodia នៅតាមបណ្ដើររាជធានីខេត្តរៀបចំឡើងដើម្បីពង្រីកទីផ្សារក្នុង ស្រុកបង្កើតឱកាសឲ្យអ្នកផលិតនិងសហគ្រាសធុនមីក្រូ តូចនិងមធ្យម ក្នុងស្រុកបានដាក់បង្ហាញនិងលក់ផលិតផល ដោយផ្ទាល់។ ទន្ទឹមនេះយុទ្ធនាការនេះក៏ជាការលើកកម្ពស់មោទនភាពជាតិបណ្តុះទម្លាប់ ខ្មែរជួយខ្មែរ និងបង្កើន ទំនុកចិត្តលើគុណភាពផលិតផលជាតិព្រមទាំងតភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតជាវេទិកាជួបជុំរវាងផលិតករនិង អ្នកចែកចាយក្នុងតំបន់។
ក្នុងឱកាសនោះ លោកស្រី រដ្ឋលេខាធិការ លោកអភិបាលខេត្ត និងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញដើរទស្សនា និងសាកសួរផ្ទាល់តាមស្តង់ពិព័រណ៍នីមួយៗផងដែរ៕
ដោយ: សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតដើមអម្ពិល












