Feature

លោក​ ពូទីន អះអាងថា រុស្ស៊ីមិនបានបដិសេធការសន្ទនាជាមួយអឺរ៉ុបនោះទេ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានអះអាងថា រុស្ស៊ី​ មិនបានបដិសេធការសន្ទនាជាមួយបណ្តាប្រទេសនៅអឺរ៉ុបនោះទេ។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ដែលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៩​ លោក​ ពូទីន បានឧ្យដឹងថា ជំនួយរបស់អឺរ៉ុបដល់អ៊ុយក្រែនធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលក្នុងការចរចាសន្តិភាព។​ លោកបានលេីកឡេីងថា “វាជារឿងមួយក្នុងការចូលរួមក្នុងការចរចា ហើយការធ្វើជាអ្នកសម្របសម្រួល​ គឺជារឿងមួយទៀត”។

ទោះបីជាយ៉ាងនេះក្តី រុស្ស៊ី​ មិនបានបដិសេធទំនាក់ទំនងជាមួយអឺរ៉ុបនោះទេ លោក​ ពូទីន បានឧ្យដឹងថា ដោយបន្ថែមថា លោកមានការភ្ញាក់ផ្អើល​ ដែលបានឮពាក្យសម្ដីអំពី “រុស្ស៊ីដ៏កំណាច” ដែលឈប់ផ្គត់ផ្គង់ថាមពលដល់អឺរ៉ុប។

លោកបានបន្ដថា “រុស្ស៊ី​ មិនបានឈប់ផ្គត់ផ្គង់ថាមពលដល់អឺរ៉ុបនោះទេ ប៉ុន្តែអឺរ៉ុបគ្រាន់តែបដិសេធមិនទិញ ដោយសង្ឃឹមថា​ អ្វីៗនឹងប្រសេីរឡេីង សម្រាប់យើង”។

ដោយធ្វើអត្ថាធិប្បាយលើបេក្ខជន​ ដែលអាចធ្វើទៅបានសម្រាប់ការចរចាជាមួយរុស្ស៊ី លោក​ ពូទីន បានបញ្ជាក់ថា មូស្គូមិនបានដាក់ទណ្ឌកម្មអ្វីទាំងអស់ ប៉ុន្តែពួកគេគួរតែជាមនុស្ស​ ដែលរុស្ស៊ីអាចទុកចិត្តបាន។ លោក​បាន​បន្ថែម​ថា ការពិភាក្សា​បែបនេះ​អាច​ធ្វើឡើង​នៅ​កម្រិត​ក្រសួងការបរទេស ឬ​សេវា​ស៊ើបការណ៍​សម្ងាត់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top